ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជួបសំណេះសំណាល និងពិភាក្សាការងារតាមទូរស័ព្ទ ជាមួយនឹងនាយឧត្តមសេនីយ៍ យុស៊ីដា យុស៊ីហ៊ីដេ (YOSHIDA Yoshihide) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន។
ក្នុងឱកាសកាលពីថ្ងៃទី២៤ ខែមីនាម្សិលមិញនោះ នាយឧត្តមសេនីយ៍ យុស៊ីដា យុស៊ីហ៊ីដេ បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់ដំទ្បើងឋានន្តរសកិ្តជា “នាយឧត្តមសេនីយ៍” ដែលពិតជាស័ក្តិសមនឹងស្នាដៃ និងសមិទ្ធផលចូលរួមចំណែកនៅក្នុងការដឹកនាំពង្រឹងកងយោធពលខេមរភូមិន្ទ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ដែលតែងបានផ្តល់តម្លៃ និងសារៈសំខាន់ប្រកបដោយមនោសញ្ចេតនាស្និទ្ធស្នាល ចំពោះចំណងមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ជាពិសេសការប្តេជ្ញាចិត្តរបស់ភាគីមិត្តជប៉ុនក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យបោសម្អាតមីន ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយ និងការបណ្តុះបណ្តាលធនធានមនុស្ស។
កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ជាបេក្ខភាពអនាគតនាយករដ្ឋមន្រ្តីបន្តវេនជាកូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន ត្រូវបានតម្លើងឋានន្តរសក្តិជានាយឧត្តមសេនីយ៍(ផ្កាយ៤)៕