អ្នកឧកញ៉ា ម៉ុង ឬទ្ធី នាំចូលពូជដូនតាជ្រូកពីដាណឺម៉ាក ជាង ២៧០ក្បាល ខណៈតម្លៃទីផ្សារក្នុងស្រុកមិនទាន់ល្អនៅឡើយ

ជុំវិញ​ឧកញ៉ា

ស្របពេលទីផ្សារជ្រូករស់នៅក្នុងស្រុកកំពុងជួបបញ្ហារឿងតម្លៃ អ្នកឧកញ៉ា ម៉ុង ឬទ្ធី បាននាំចូលពូជជ្រូកពីប្រទេសដាណឺម៉ាក ចំនួន ២៧៨ ក្បាល កាលពីថ្ងៃទី១៧ មីនា ឆ្នាំ២០២៣។ ខណៈអ្នកជំនាញក្នុងវិស័យកសិកម្មចិញ្ចឹមសត្វ មើលឃើញថា ការនាំចូលនៅពូជជ្រូកថ្មីដោយក្រុមហ៊ុនរបស់ អ្នកឧកញ៉ា ម៉ុង ឬទ្ធី មានទិសដៅ និងមានផែនការវែងឆ្ងាយក្នុងការអភិវឌ្ឍន៍វិស័យចិញ្ចឹមសត្វនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានរៀបរាប់ឱ្យដឹងថា នេះគឺជាការបើកនូវប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់ក្រុមហ៊ុនអិមភីក  គឺជាថ្ងៃដែលយើងបាននាំចូលពូជជ្រូកដូនតាទួត GGP(Great Grand Parents) ដែលជាជ្រូកពូជសុទ្ធមកពីប្រទេសដាណឺម៉ាក់ចំនួន ២៧៨ក្បាល ក្នុងនោះមាន បាជ្រូកចំនួន ៤៤ក្បាល បានមកដល់ទឹកដីនៃខេត្តព្រះសីហនុព្រះរាជាណាចក្រកម្ពុជាយើង។

លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា យល់ឃើញថា៖ «ការនាំពូជជ្រូក ពីប្រទេសដាណឺម៉ាកចូលមកថ្មីៗនេះ គឺជាទស្សនៈវែងឆ្ងាយរបស់ អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី ដែលចង់អភិវឌ្ឍន៍ ប្រកួតប្រជែងទៅលើថ្លៃដើមនៃការចិញ្ចឹមតាមរយៈការស្វែងរកពូជជ្រូកថ្មីៗ។ ទាំងនេះ យើងឃើញថាមាននាំសត្វចូលតែតាមពិត ក្រុមហ៊ុនធ្វើការអភិវឌ្ឍពូជជ្រូកដោយនាំស្ពាមជ្រូកចូលមកបង្កាត់ថ្មីរហូត អុីចឹងការនាំចូលសត្វជ្រូកនេះ គឺជាផែនការប្រចាំឆ្នាំ នៅពេលជ្រូកពូជចាស់ទៅ វាធ្លាក់សុពលភាពគឺ គេចាប់ផ្តើមនាំជ្រូកចូលមកអុីចឹងវាគឺជាទិសដៅច្បាស់លាស់របស់ក្រុមហ៊ុន ដែលបញ្ជាក់ឱ្យឃើញថាវិស័យចិញ្ចឹមសត្វនៅតែជាវិស័យអាទិភាពសម្រាប់ផ្គត់ផ្គង់ស្បៀងអាហារនៅក្នុងប្រទេស ហើយអ្នកឧកញ៉ាបណ្ឌិតម៉ុងឬទ្ធី ក៏ជឿជាក់ថា រាជរដ្ឋាភិបាលមិនទុកឱ្យវិស័យចិញ្ចឹមសត្វនេះដួលរលំទេ»។

តាមលោក លី ឡាវីល ការនាំចូលពូជជ្រូកថ្មីមក គឺធ្វើយ៉ាងណាឱ្យថ្លៃដើមនៃការផលិតធូរស្បើយ។ តែវាមិនមែនរួចផុតពីការខាតបង់នោះទេ ដែលបច្ចុប្បន្ននេះ គឺនៅបន្តខាតបង់ ព្រោះសាច់បង្កកនៅមានច្រើនលើទីផ្សារ ចំនួនសត្វមិនអាចលក់ចេញបាន ហើយនៅបាត់បង់ទីផ្សារដដែល។

លោកបន្តថា កសិករធម្មតា គាត់មានដើមទុនមិនគ្រប់គ្រាន់ ហើយតម្លៃជ្រូករស់ក្នុងរយៈពេល៦ឬ៧ខែមកនេះ កសិករមានការខាតបង់ច្រើន។ តែសម្រាប់ក្រុមហ៊ុនលោកឧកញ៉ាម៉ុងឬទ្ធីគាត់មានលុយច្រើនខាតបង់រយៈពេល៦ឬ៧ខែអស់ប្រាក់ រាប់លានដុល្លារអាមេរិក។អីចឹងសួរថាអស់លុយគាត់ទេ វាមិនទាន់អស់លុយគាត់ទេអីចឹងការនាំចូលពូជជ្រូកថ្មីនេះវាធ្វើឱ្យគាត់ខាតលុយតិចជាងមុន បានន័យថាកាលណាគាត់មានពូជជ្រូកកាន់តែល្អ គឺនឹងជួយឱ្យថ្លៃដើមផលិតរបស់គាត់ធ្លាក់ចុះបន្តិចទៀត។

លោក លី ឡាវីល សង្កត់ធ្ងន់ថា៖ «សម្រាប់ខ្ញុំវា មិនមែនការជាការដើរបញ្ច្រាសទិសជាមួយកសិករនោះទេ វាជាទស្សនៈវិស័យវែងឆ្ងាយរបស់ អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី។ខ្ញុំចង់និយាយថា គាត់បានមើលឃើញថា វិស័យចិញ្ចឹមសត្វ ជាវិស័យអាទិភាពសម្រាប់ផ្គត់ផ្គង់សន្តិស្បៀងប្រភពប្រូតេអុីននៅក្នុងប្រទេស ដែលមិនអាចបាត់បាន៕