ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំបំផុតលំដាប់ទី៣ របស់ចិន Sunac China Holdings Ltd កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានធ្វើការព្រមានអំពីការខាតបង់ដ៏ធំ ក្នុងរយ:ពេលពីឆ្នាំជាប់ៗគ្នា ដោយសារតែវិបត្តិក្នុងវិស័យអចលនទ្រព្យរបស់ចិន នៅតែបន្តដាក់សម្ពាធទៅលើតម្រូវការផ្ទះថ្មី និងប្រាក់ចំណូលក្រុមហ៊ុនរបស់ខ្លួន ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។
ក្រុមហ៊ុន Sunac បានបង្ហាញការព្យាករថា ការខាតបង់របស់ខ្លួន នៅក្នុងឆ្នាំ ២០២២ អាចនឹងស្ថិតនៅក្នុងរង្វង់ ២៧ពាន់លានយ៉ន់ ទៅ ២៨ពាន់លានយ៉ន់ ឬប្រហែល ៣,៩ពាន់លានដុល្លារ ទៅ ៤ពាន់លានដុល្លារ ខណ:កាលពីឆ្នាំ ២០២១ ពួកគេបានកត់ត្រាអំពីការខាតបង់ចំនួនទឹកប្រាក់ ៣៨,២៦ពាន់យ៉ន់ (៥,៥៨ពាន់លានដុល្លារ) រួចមកហើយ។
គួរឱ្យដឹងថា ក្រុមហ៊ុនអចលនទ្រព្យនៅក្នុងប្រទេសចិន ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានជួបប្រទះនូវភាពលំបាកយ៉ាងខ្លាំង ក្នុងលក់ផ្ទះថ្មីៗ ឬការលក់នៅក្នុងតម្លៃទាបជាងការរំពឹងទុក ដោយសារតែច្បាប់ដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យវិស័យនេះ កាន់តែធ្លាក់ចូលទៅក្នុងបញ្ហាធ្ងន់ធ្ងរ ។
ជម្រាបជូនផងដែរថា កាលពីថ្ងៃពុធកន្លងទៅ ក្រុមហ៊ុន China Evergrande Group ក៏បានបង្ហាញពីអំពីផែនការ សម្រាប់ការរៀបចំរចនាសម្ព័ន្ធឡើងវិញ នៃបំណុលនៅក្រៅប្រទេសចំនួន ២២,៧ពាន់លានដុល្លាររបស់ខ្លួនផងដែរ ដែលនេះអាចនឹងក្លាយជាគំរូមួយសម្រាប់ក្រុមហ៊ុនគូប្រជែង ដែលកំពុងជួបវិបត្តិបំណុលនេះដូចគ្នា ក្នុងការស្រោចស្រង់វិស័យអចលនទ្រព្យ ដែលកំពុងមានភាពរង្គោះរង្គើ ៕