នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ នារសៀលថ្ងៃទី២៤ ខែមីនានេះ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជានឹងអាចបង្កើតប៉ូលសេដ្ឋកិច្ចទី៥ នៅខេត្តភូមិភាគឦសាន លើផ្នែកកសិ-ឧស្សាហកម្មជាស្នូល រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ដែលជាខេត្តមានសក្ដានុពល។
សម្ដេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងថា៖ យើងត្រូវវិធីធ្វើយ៉ាងណារុញច្រកសេដ្ឋកិច្ចឲ្យខាងតែបាន ព្រោះថាកម្ពុជាមាន«ភូមិមួយផលិតមួយ»។
ការប្រកាសអំពីការបង្កើតប៉ូលសេដ្ឋកិច្ចទី៥ ធ្វើឡើងក្រោយពេលដែលសម្ដេចតេជោ ហ៊ុន សែន កាលថ្មីៗនេះបានប្រកាសដាក់ខេត្តចំនួន៤ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ជាប៉ូលសេដ្ឋកិច្ចទី៤។
សូមជម្រាបជូនថា បច្ចុប្បន្នកម្ពុជាមានប៉ូលសេដ្ឋកិច្ចសំខាន់ៗចំនួន៣រួចមកហើយ គឺនៅទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប ខណ:តំបន់ប៉ូលសេដ្ឋកិច្ចទាំង៣នេះ កំពុងតែមានការអភិវឌ្ឍយ៉ាងពុះកញ្ជ្រោល ជាពិសេស ការវិនិយោគនៅក្នុងវិស័យសំណង់និងអចលនទ្រព្យ៕