នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣នេះ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប និងឧកញ៉ា ថៃ ជាហួត អគ្គនាយកក្រុមហ៊ុន ប៉េងហួត គ្រុប ក្រោមកិច្ចសហការជាមួយគ្នា បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ស្ពានចំនួនពីរ ដោយចំណាយថវិកាសរុបប្រមាណ ៥ លានដុល្លាសហរដ្ឋអាមេរិក ស្ថិតនៅលើមហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
បើតាមសាលារាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមហ៊ុនបុរីដ៏ធំទាំងពីរនេះ បានសហការគ្នាសាងសង់ស្ពានចំនួនពីរ ធ្វើឡើងពីបេតុងអាមេ ដោយស្ពានទីមួយ មានប្រវែង ២០ម៉ែត្រ x ២៨,៥០ម៉ែត្រ ស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម និងស្ពានទីពីរ មានប្រវែង ១៦០ម៉ែត្រ x ២៨,៥០ម៉ែត្រ ស្ថិតនៅលើមហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អ្នកឧកញ៉ា លាង ឃុន បានថ្លែងថា ចក្ខុវិស័យខាងមុខ ក្រុមហ៊ុន ជីប ម៉ុង និង ក្រុមហ៊ុន ប៉េង ហួត នឹងបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ ក៏ដូចជាចូលរួមចំណែកក្នុងការលើកកម្ពស់ដល់វិស័យសេដ្ឋកិច្ច និងសង្គមជាតិនាពេលអនាគត។ អ្នកឧកញ៉ា បានបន្ថែមថា ស្ពានទាំងពីរនេះ នឹងក្លាយជាសមិទ្ធផលដ៏ថ្លៃថ្លា ក្នុងការបម្រើជាប្រយោជន៍ដ៏សំខាន់សម្រាប់សាធារណជន ក៏ដូចជាជួយលើកកម្ពស់សោភណភាព បរិស្ថានល្អសម្រាប់ការរស់នៅ និងជាពិសេសរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិផងដែរ។
គួររំឭកផងដែរថា កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ក្រុមហ៊ុន ជីប ម៉ុង លែន ក៏ជាក្រុមហ៊ុនមួយបានជួយជួសជុលផ្លូវ អ្នកឧកញ៉ា មហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង ដោយសហការជាមួយអាជ្ញាធរខណ្ឌមានជ័យ ព្រមទាំងបានសម្ពោធប្រើប្រាស់ជាផ្លូវការ។ យ៉ាងណាមិញ ការសាងសង់ស្ពានយុទ្ធសាស្ត្រទាំងពីរខាងលើនេះ នឹងជួយឱ្យការតភ្ជាប់ទៅវិថីសំខាន់ៗ ដូចជា ផ្លូវ ២៧១ ផ្លូវ ៣៧១ និង មហាវិថីសម្តេចតេជោ ហ៊ុន សែន រឺ ផ្លូវ ៦០ ម៉ែត្រ ឆ្លងកាត់តាមគម្រោង ដឹ លែនម៉ាក ២៧១ និងឆ្លងទៅគម្រោង បុរី ប៉េងហួត ផងដែរ។ ជាពិសេស ស្ពានទាំងពីរនេះ នឹងធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាន់តែធំលំទូលាយ ងាយស្រួលធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍បានកាន់តែប្រសើរឡើង៕