កាលពីពេលថ្មីៗនេះ រដ្ឋសភាអាមេរិកបានកោះហៅនាយកប្រតិបត្តិក្រុមហ៊ុន TikTok លោក Shou Zi Chew ដើម្បីធ្វើការជីកសួរ ក្នុងគោលបំណងបិទកម្មវិធី TikTok នៅសហរដ្ឋអាមេរិក។
យ៉ាងណា អ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះមានប្រតិកម្មចំពោះបញ្ហាខាងលើ ដោយបានបញ្ចេញមតិរិះគន់សភាអាមេរិក និងការពារ TikTok ហើយថែមទាំងមានការកាត់តវីដេអូ គាំទ្រលើពាក្យសម្ដី CEO ជនជាតិសិង្ហបុរី ចំពោះការឆ្លើយសំណួរពីសភាអាមេរិកទៀតផង។
យោងតាមការចុះផ្សាយពី NBCN បានឲ្យដឹងថា សឹងតែគ្រប់បុគ្គលល្បីៗនៅលើ TikTok បានបញ្ចេញមតិថា សភាអាមេរិករៀបចំសំណួរដែលគ្មានហេតុផលជាច្រើន និងមិនទុកពេលឲ្យលោក Chew បកស្រាយឡើយ ពោលសួរផ្ចាញ់ក្នុងគោលបំណងចង់បិទក្រុមហ៊ុនតែម្ដង។
បន្ថែមពីនោះ ពួកគេក៏បញ្ចេញអារម្មណ៍រអៀសខ្លួន ដោយសារអាមេរិកជាប្រទេសប្រជាធិបតេយ្យ ប៉ុន្តែបែរជាព្យាយាមបិទបណ្ដាញសង្គម ដែលអាចធ្វើការបញ្ចេញមតិដោយសេរី។
ចំពោះបញ្ហាចង់បិទក្រុមហ៊ុន TikTok នេះ រដ្ឋសភាអាមេរិកចោទ TikTok ថា ក្រុមហ៊ុនអាចលួចទិន្នន័យប្រជាជនអាមេរិកដែលប្រើប្រាស់កម្មវិធីនេះប្រមាណ ១៥០ លាននាក់ ទៅឲ្យរដ្ឋាភិបាលចិន ខណៈភាគីចិនចេញមុខអះអាងថា មិនដឹងរឿងអ្វីទាល់តែសោះ ហើយសុំឲ្យអាមេរិកបញ្ចេញភស្តុតាងដែលចោទប្រកាន់មកលើខ្លួន។
មហាសេដ្ឋកិច្ចអាស៊ីក៏សង្កត់ធ្ងន់ទៀតថា អាមេរិកគួរព្យាយាមផ្ដោតលើការប្រកួតប្រជែងសេដ្ឋកិច្ចជាមួយចិនដោយក្ដីសុច្ចរិត មិនគួរណាព្យាយាមរករឿងបិទក្រុមហ៊ុនបរទេសដែលកំពុងរីកចម្រើននៅអាមេរិកនោះទេ៕