សមាសភាពក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចំនួន៣៨រូប មានអ្នកឧកញ៉ា តែ១រូបគត់

ជុំវិញ​ឧកញ៉ា

ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែល​សរសេរ​ជា​អក្សរកាត់​ថា (ក.ជ.វ.ប.ន.) ​ត្រូវ​បាន​បង្កើត​ឡើង​​​តាម​រយៈ​ព្រះរាជក្រឹត្យ កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ២០២០ ដើម្បី​ជំរុញ​កិច្ច​អភិវឌ្ឍ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា និង​នវានុវត្តន៍​ នៅ​ក្នុង​ប្រទេស​កម្ពុជា ឱ្យ​កាន់​តែ​រីក​ចម្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិត​ត្រឹម​ខែ​មីនា ឆ្នាំ២០២៣​នេះ ​​សមាសភាព​ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ​​មាន​សរុប​ចំនួន ៣៨​រូប ដោយ​ក្នុង​នោះ​មាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជា​ប្រធាន​កិត្តិយស, កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជា​ប្រធាន និង​មាន​ រដ្ឋមន្ត្រី រដ្ឋលេខាធិការ អគ្គនាយក មក​ពី​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ​ ​ព្រម​ទាំង​មាន​អ្នកឧកញ៉ា​តែ​មួយ​រូប​គត់ គឺ​​អ្នកឧកញ៉ា គិត ម៉េង ​​តំណាងសភាពាណិជ្ជកម្មកម្ពុជា ជាសមាជិក។

ចំពោះសមាសភាព​ ក.ជ.វ.ប.ន. ផ្សេងៗ​ទៀត​រួម​មាន៖ សាស្ត្រាចារ្យ​បណ្ឌិត ឆែម គាតរិទ្ធី អនុប្រធាន​អចិន្ត្រៃយ៍, កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សាស្ត្រាចារ្យ ម៉ម ប៊ុនហេង លោក ស៊ុយ សែម លោក ឌិត ទីណា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និង​បណ្ឌិត ជា វ៉ាន់ដេត ជា​អនុប្រធាន។

រីឯ​បណ្ឌិត ហ៊ុល សៀងហេង ជា​សមាជិក​អចិន្ត្រៃយ៍ រួម​ទាំង​សមាជិក​ជា​ច្រើន​រូបទៀត​ដូចជា៖ លោក អ៊ីន វីរជាតិ លោក ហ៊ុយ វណ្ណៈ បណ្ឌិត ឈីវ យីស៊ាង លោក ស្តើង សុខុម លោក អ៊ុក ប្រជា លោក ស៊ូនី វង្សវិសិដ្ឋ ជំទាវ ឥម នីថារ៉ា លោក កេង សុម៉ារិទ្ធ លោក ហុង ជឿន បណ្ឌិត ទិន ពន្លក លោក លាង មុនីរិទ្ធ លោក ប៉ុញ សច្ចៈ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បណ្ឌិត នួន ដាញ៉ិល លោក ប៉ាក់ សុខុម លោក ស៊ីន ចាន់សិរីវុត្ថា លោក រ៉ិត វុទ្ធី បណ្ឌិត​សភាចារ្យ ហ៊ាន សាហ៊ីប សាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាស្ត្រាបណ្ឌិត ង៉ោ ប៊ុនថាន បណ្ឌិត សំ សិទ្ធិសេរី បណ្ឌិត គួក ហ្វីដេរ៉ូ បណ្ឌិត ជ័យ ចាន់អឿន បណ្ឌិត ឈាង វណ្ណារិទ្ធ លោក សារិន សិរីវត្ថា បណ្ឌិត ឡេង ភីរម្យ និង​បណ្ឌិត អឿន ចន្ថា។

សម្រាប់​សមាសភាព​ជាក់ស្តែង​នៃ ក.ជ.វ.ប.ន. ​​ត្រូវ​តែងតាំង​ដោយ​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល។ ប្រធាន​ ក.ជ.វ.ប.ន. ​​មាន​សិទ្ធិ​អញ្ជើញ​​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ ឬ​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ឬ​ឥស្សរជន ដែល​មាន​បទពិសោធន៍​ សមត្ថភាព និងជំនាញ​​វិជ្ជាជីវៈ ចូល​រួម​ផ្តល់យោបល់​ក្នុង​កិច្ចប្រជុំ​របស់ក្រុមប្រឹក្សាជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាម​ការ​ចាំបាច់។

សូម​ជម្រាប​ជូន​ថា ក្នុង​ឱកាស​អញ្ជើញជាអធិបតីបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍» កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ២០២៣ ​​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង​ជា​ប្រធាន​កិត្តិយស ក.ជ.វ.ប.ន. មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកឌីជីថលូបនីយកម្ម ក្នុងវិស័យ សាធារណៈ និង​ឯកជន ជាការងារអាទិភាព ដើម្បីកសាងរដ្ឋាភិបាល ឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងប្រជាជន​ឌីជីថល ស្របតាមនិន្នាការតំបន់ និងសកល ដើម្បីលើកកម្ពស់សមិទ្ធកម្ម សង្គម-សេដ្ឋកិច្ច។ សម្តេច​តេជោ ក៏​សូម​អំពាវនាវដល់សហគមន៍ជាតិ និង អន្តរជាតិចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងគ្រប់ដំណាក់កាល នៃបរិវត្ត​កម្មឌីជីថល ដូចបានគូសបញ្ជាក់យ៉ាងច្បាស់ក្នុងក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥៕