អតីតបុគ្គលិក VOD ចំនួន១១រូប នឹងចូលមកបម្រើការងារនៅក្រសួងកសិកម្មឆាប់ៗនេះ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញការស្វាគមន៍អតីតបុគ្គលិកនៃស្ថាប័នសារព័ត៌មាន VOD ចំនួន ១១រូប ដែលនឹងចូលមកបម្រើការងារនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលដ៏ឆាប់ខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានឱ្យដឹងតាមរយៈហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ថា លោកសង្ឃឹមថា តាមរយៈចំណេះជំនាញរបស់អតីតបុគ្គលិកនៃស្ថាប័នសារព័ត៌មាន VOD អ្នកទាំង ១១រូប យើងនឹងអាចដើរលើមាគ៌ារួមមួយ ដើម្បីជួយវិស័យកសិកម្មរបស់យើងឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត។

សូមរំលឹកដែរថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាស សម្រចលុបអាជ្ញាបណ្ណការផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលមជ្ឈមណ្ឌលគ្រប់គ្រងការផ្សាយរបស់សារព័ត៌មាន VOD បន្ទាប់ពីសារព័ត៌មាននេះ ផ្សាយបំភ្លៃថា លោក ហ៊ុន ម៉ាណែត ជាអ្នក ចុះហត្ថលេខាជំនួស សម្តេចតេជោក្នុងការផ្តល់ជំនួយទៅប្រទេសតួកគី។

ក្រោយការបិទវិទ្យុនេះរួចមក សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ហើយថា វិទ្យុVOD គ្មានថ្ងៃរស់ឡើងវិញឡើយ ហើយដោយក្តីអាណិតអាសូរដល់អតីតបុគ្គលិកវិទ្យុនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ការងារក្របខណ្ឌរដ្ឋជូនដល់អតីតបុគ្គលិក VOD ដើម្បីសម្រួលការលំបាករបស់ពួកគេ បន្ទាប់ពីវិទ្យុ VOD ត្រូវបានបិទ ព្រោះតែការផ្សាយព័ត៌មានមិនពិត។ សម្តេចតេជោ បានកំណត់រយៈផ្តល់ឱកាសការងារក្របខណ្ឌរដ្ឋជូនអតីតបុគ្គលិក VOD ត្រឹមថ្ងៃទី២៨ ខែកុម្ភៈ តែប៉ុណ្ណោះ។

ក្រោយពីការប្រកាសនោះ ឃើញមានបុគ្គលិករបស់អង្គភាពនេះ ចំនួន២៨នាក់ ស្រី០៦នាក់ បានដាក់ពាក្យតាមការប្រកាស ហើយមកទល់ពេលនេះ ពួកគាត់ក៏បានចូលធ្វើការនៅតាមក្រសួងនានាអស់ហើយ។ នេះបើតាមការបញ្ជាក់របស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ៕