ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី៨ ខែកញ្ញាម្សិលមិញ លោក គីម ជីនផ្យូ (Kim Jin-pyo) ប្រធានរដ្ឋសភាកូរ៉េ បានបញ្ជាក់ថា ការវាយតម្លៃលើគម្រោងការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេចតុមុខ ពីផ្សារចាស់-ជ្រោយចង្វារ និងទន្លេមេគង្គពីជ្រោយចង្វា-អរិយក្សត្រ បានបញ្ចប់រួចរាល់ ហើយការសាងសង់នឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខនេះ។
ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានៅពេលនេះ លោក Kim Jin-pyo ប្រធានរដ្ឋសភាកូរ៉េ បានបង្ហាញក្តីសង្ឃឹមថា ស្ពាននេះនឹងជួយរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា និងជានិមិត្តរូបនៃមិត្តភាពកម្ពុជា-កូរ៉េ។
លោកថ្លែងថា៖ ប្រទេសទាំងពីរនឹងបន្តពង្រីក កិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ ដើម្បីទាក់ទាញក្រុមហ៊ុនកូរ៉េមកវិនិយោគនៅកម្ពុជា និងបន្តពង្រីកលើវិស័យនានាបន្ថែមទៀត ហើយកិច្ចសហប្រតិបតិ្តការដ៏រឹងមាំរវាងប្រទេសទាំងពីរ នឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងអភិវឌ្ឍនៅតំបន់អាស៊ានក៏ដូចជាតំបន់មេគង្គផងដែរ។
សូមជម្រាបថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែល តភ្ជាប់ពីតំបន់ផ្សារចាស់ទៅកាន់តំបន់ជ្រោយចង្វារ ពីជ្រោយចង្វារ តភ្ជាប់ទៅកាន់អរិយក្សត្រ រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅចុងឆ្នាំ២០២៣ ខាងមុខ។
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ត្រូវបានចុះហត្ថលេខារួចហើយ រវាងរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលកូរ៉េ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។ បើ ក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងសាងសង់ស្ពាននេះ នឹងត្រូវចំណាយទឹកប្រាក់ចំនួន ២៤៥,៩០លានដុល្លារអាមេរិក៕