រដ្ឋបាលរាជធានីភ្នំ​ពេញ ព្រមាន​បិ​ទ​​​​អាជីវកម្មប​ណ្តោះអាសន្ន​បើ​មិន​បង់សេ​​វា​ប្រមូល​សំរាម

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជន ដែលប្រើប្រាស់សេវាប្រមូលសំរាម និងសំណល់រឹង ត្រូវតែអនុវត្ត និងបង់សេវាឲ្យបានទាន់ពេល បើពុំដូច្នោះ នឹងត្រូវផាកពិន័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សាលារាជធានីភ្នំពេញ បានប្រាប់ឱ្យពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជន ដែលមិនទាន់បង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង រួសរាន់បង់ឱ្យបានទាន់​ពេលវេ​លា ដើម្បីបញ្ចៀសការផាកពិន័យ។ នេះបើតាមសេចក្តីជូនដំណឹងរបស់​សាលារាជធានី​ភ្នំពេញ។

បើតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានកត់សម្គាល់ឃើញថា ចាប់តាំងពីអាជ្ញាធរសម្រេចឱ្យពលរដ្ឋបង់ថ្លៃសេវាសំរាម តាមរយៈប្រព័ន្ធអេឡិច​ត្រូនិចរហូតមកដល់ពេលនេះ គឺមានប្រជាពលរដ្ឋភាគច្រើនបានបង់​ថ្លៃសេវាប្រមូល​សំរាមរួចហើយ ប៉ុន្ដែពលរដ្ឋមួយចំនួន មិនទាន់បានបំពេញ​កាតព្វកិច្ចបង់ថ្លៃសេវាប្រ​មូលសំរាម និងសំណល់រឹងនេះនៅឡើយ។

សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា បើសិនជាពលរដ្ឋនៅតែមិនបង់ថ្លៃសេវា​ប្រមូល​សំរាមទេ នោះអាជ្ញាធរនឹងបញ្ចេញបញ្ជីឈ្មោះ​អ្នកដែលមិនទាន់​បង់ថ្លៃ​សេវាប្រមូល​សំរាម និងសំណល់រឹងជាសាធារណៈ តាមបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វ​ផ្សាយនានា។ ក្រៅពីនេះអាជ្ញាធរ ក៏នឹងកត់ត្រាជាបំណុល ហើយអនុវត្តតាមវិធានការ​រដ្ឋបាល ដោយបិទអាជីវកម្ម ឬសេវាកម្មបណ្ដោះអាសន្ន និងអនុវត្តវិធានការផ្សេងៗ​ទៀត តាមការចាំបាច់។

រដ្ឋបាល​រាជធានី​ភ្នំពេញ បានដាក់​អនុវត្ត​នូវ​ការទូទាត់​បង់ថ្លៃ​សេវា​ប្រមូលសំរាម​ប្រចាំខែ តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក បញ្ជរ​ទូទាត់​នៅតាម​ធនាគារ  ទីភ្នាក់ងារ​វេរ​លុយ​ផ្សេងៗ​ដែលមាន​នៅក្នុង​កម្មវិធី​ទូរ​សព្ទ និង​នៅ​ទីសាធារណៈ ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​២០២០​មក​។ ពលរដ្ឋ ​ត្រូវ​បង់សេវាប្រមូលសំរាមនេះ ក្នុង​រយៈពេល​១៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១-១៥ ជា​រៀងរាល់ខែ​។

ពលរដ្ឋ​ អាច​បង់ថ្លៃ​សំរាម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក តាម​ធនាគារ​អេស៊ីលីដា និង​តាម​ភ្នាក់ងារ​វេរ​លុយ​ដែលមាន​ដូចជា Wing, AMK, True money, Dara Pay, PiPay, EMoney និង​លី​ហួរ​វេរ​លុយជាដើម​។ បើតាមសាលារាជធានីភ្នំពេញ រដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ស៊ិន​ទ្រី ​ប្រមូល​សំរាម​នៅតាម​គេហដ្ឋាន ឬ​តាម​ស្ថាប័ន​នានា ប៉ុន្តែ​មិនមាន​សិទ្ធិ​ប្រមូល​ថ្លៃ​សេវា​សំរាម​ឡើយ​៕