កាលពីពេលថ្មីៗនេះ មហាសេដ្ឋីអាមេរិក Elon Musk បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុន Twitter បច្ចុប្បន្ន មានតម្លៃប្រមាណ ២០ពាន់លានដុល្លារប៉ុណ្ណោះ បន្ទាប់ពីស្ថិតក្រោមការគ្រប់គ្រងរបស់មេធំ Tesla រយៈពេលតិចជាង ៦ខែ។
យោងតាមការចុះផ្សាយពី AOL បានបង្ហាញថា ម្ចាស់ក្រុមហ៊ុនបណ្ដាញសង្គមចាបខៀវ បានប្រាប់ទៅកាន់បុគ្គលិកថា នឹងផ្ដល់ប្រាក់លើកទឹកចិត្តជាចំណែកភាគហ៊ុនដែលមានតម្លៃ ២០ពាន់លានដុល្លារ និងបានប្រាប់ពួកគេថា ចាត់ទុកថាស្ថានការណ៍ពេលនេះគឺជាចំណុចចាប់ផ្ដើមថ្មីរបស់ក្រុមហ៊ុន។
គួររំលឹកដែរថា ប្រភពចំណូលធំរបស់ Twitter គឺបានមកពីការផ្សាយពាណិជ្ជកម្មអនឡាញ ប៉ុន្តែតាំងពី Elon Musk ក្លាយជាម្ចាស់ថ្មីមក ក្រុមហ៊ុនធំៗធ្លាប់ជួល Twitter ដាក់ពាណិជ្ជកម្ម បានដកខ្លួនពីប្រព័ន្ធផ្សព្វផ្សាយមួយនេះ។
ដើម្បីអាចរកចំណូលបន្ថែមបាន Elon Musk បានបង្កើតកម្មវិធីថ្មីនៅលើ Twitter គឺការផ្ដល់សេវាកម្ម Subsciption ប្រចាំខែ ដើម្បីទទួលបាន Twitter Blue ប៉ុន្តែហាក់មិនសូវទទួលបានការគាំទ្រ៕