នាយ​ក​រដ្ឋមន្រ្តី៖ ពល​រដ្ឋខ្មែរ​នៅ​ក្រៅ​​​ប្រទេ​ស មិ​ន​ចាំ​បា​ច់​មាន​វិ​ញ្ញា​ប​ន​ប័ត្របញ្ជាក់សុខភាពទេ ពេល​ចូល​កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចឱ្យពលរដ្ឋខ្មែរ ដែលកាន់​លិខិតឆ្លងដែនកម្ពុជា ដែលកំពុងនៅក្រៅប្រទេសហើយមានបំណងវិល​ត្រឡប់​ចូលមកកម្ពុជាវិញ គឺមិនតម្រូវឱ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថា គ្មានជំងឺឆ្លង​កូវីដ-១៩ ទេ។ នេះជាការបញ្ជាក់របស់សម្ដេចតេជោ លើហ្វេសប៊ុកនាព្រឹកថ្ងៃទី២៧ ឧសភា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា វិធានការនេះ គឺនឹងជួយសម្រួលដល់​ពលរដ្ឋនៅក្រៅប្រទេស ឱ្យឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារ​នៅក្នុងប្រទេ​សខ្លួនវិញ។ ទោះមិនកំណត់ឱ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពក្តី តែពលរដ្ឋក៏ត្រូវ​ពិនិត្យសុខភាពពេលមកដល់កម្ពុជាដែរ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើហ្វេសប៊ុកដូច្នេះថា៖«ពេលវិលត្រឡប់មក​ដល់ប្រទេសវិញគឺតម្រូវឱ្យចូលពិនិត្យសុខភាព និងពិនិត្យសំណាក ហើយដាក់​អោយស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃ រង់ចាំលទ្ធផលសំណាកថាតើ មានរោគ​ឆ្លងឬអត់រោគឆ្លង ទើបអនុញ្ញាត្តិឱ្យទៅលំនៅដ្ឋានវិញ»។

កាលពីថ្ងៃទី២០ ឧសភា ក្រសួងសុខាភិបាល សម្រេចឱ្យជនបរទេសមកពីប្រទេស​ចំនួន៦ ចូលមកប្រទេសកម្ពុជាវិញ ប៉ុន្តែពួកគេត្រូវមានឯកសារ និងបណ្ណធានា​រ៉ាប់រងឱ្យបានត្រឹមត្រូវ។ ជនបរទេសដែលមកពីប្រទេសទាំង៦នោះ រួមមាន បារាំង អាល្លឺម៉ង់ អ៊ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ និងអាមេរិក គឺអាច ចូលកម្ពុជាធម្មតា ដោយយោង​តាមការកែសម្រួលវិធានការការពារ និងទប់ស្កាត់របស់ក្រសួងសុខាភិបាល ។

តែទោះយ៉ាងណា អ្នកដំណើរពីប្រទេសទាំង៦នេះ មិនថាជាជនជាតិខ្មែរនោះទេ គឺត្រូវមានវិញ្ញាបនបត្របញ្ជាក់សុខភាពថា គ្មានជំងឺកូវីដ១៩ ចេញដោយ​អាជ្ញាធរសុខា​ភិបា​ល ដែលទទួលស្គាល់ដោយប្រទេសសាម៉ី ក្នុងរយៈពេល៧២ម៉ោង។ បន្ថែមពីនេះ​ជនបរទេសត្រូវមានឯកសារធានារ៉ាប់រងសុខភាព ក្នុងទឹកប្រាក់យ៉ាងតិច៥ម៉ឺនដុល្លារ ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា និងត្រូវគោរពវិធានការផ្សេងទៀត ដែលកំណត់ដោយ​រដ្ឋាភិបាលកម្ពុជា តែតម្រូវការនេះមិនសម្រាប់មន្ត្រីនៃស្ថានតំណាងបរទេស អង្គការ​អន្តរជាតិ ដែលកាន់ទិដ្ឋការការទូតប្រភេទA និងទិដ្ឋាការផ្លូវការប្រភេទ​Bរបស់កម្ពុជា​ឡើយ។

គួររំលឹកថា កាលពីខែមីនាកន្លងមក ក្រសួងការបរទេស បានសម្រេចមិនឱ្យជនបរទេស​មកពីប្រទេសចំនួន៦ខាងលើ ចូលមកប្រទេសកម្ពុជានោះទេ។ បច្ចុប្បន្នអ្នកជំងឺកូវីដ១៩ នៅកម្ពុជាមានចំនួន ១២៤នាក់ ក្នុងនោះ ១២២នាក់ បានជាសះស្បើយហើយ នៅសល់​២នាក់ ដែលទើបឆ្លងថ្មី កំពុងសម្រាកព្យាបាល៕