ក្រុមហ៊ុន មីហ្ស៊ុដា ចង់វិនិយោគលើការ​កែច្នៃសំរាមនៅ​ភ្នំពេញ​​ទៅជាថាមពលអគ្គិសនី

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន មីហ្ស៊ុដា ដែលជាក្រុមហ៊ុនមួយស្ថិតក្នុងចំណោមក្រុមហ៊ុនចំនួន៣ ដែលកំពុងប្រតិបត្តិការ​សេវា​ប្រមូល​សំរាម​នៅរាជធានីភ្នំពេញ បានបង្ហាញបំណងចង់វិនិយោគលើការកែច្នៃសំរាមទៅជា​ថាមពល​អគ្គិសនី បន្ថែមពីលើការងារដែល​ក្រុមហ៊ុន​កំពុងអនុវត្តន៍រាល់ថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបង្ហាញបំណងកែច្នៃសំរាមទៅជាថាមពលអគ្គិសនីរបស់ក្រុមហ៊ុនដូចនេះ បានធ្វើឡើងក្នុងឱកាស​ដែលអគ្គនាយក​ក្រុម​ហ៊ុន ​មីហ្ស៊ុដា គឺលោក Shan Jian Ming បានចូលជួប​សម្តែងការគួរសមជាមួយ​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំ​ពេញ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ នៅសាលា​រាជ​ធានីភ្នំពេញ។

លោក Shan Jian Ming បានលើកឡើងថា ក្រុមហ៊ុនមានគោលបំណងពិភាក្សាអំពីលទ្ធភាព​នៃការធ្វើវិនិយោគ​លើ​គម្រោ​ង​​​​​​​​ផ្សេងៗ និងការរួមចំណែកលើការអភិវឌ្ឍ​រាជធានីភ្នំពេញឱ្យ ​កាន់តែ​ស្រស់ស្អាត មា​នសោភណ្ឌភា​ព និង​ស័​ក្ដិសម​​ជា​ទី​ក្រុង​ទំនើប។ ក្នុងនោះទី១ ក្រុមហ៊ុនចង់ទទួល​មតិយោបល់ ណែនាំពីចំណុចខ្វះខាតមួយចំនួនដែលក្រុមហ៊ុនកំពុងអនុវត្ត លើកិច្ចការងារប្រមូល ដឹកជញ្ជូនសំរាម នៅក្នុងរាជធា​នីភ្នំពេញ ។ ទី២ ក្រុ​មហ៊ុន មានគម្រោងច​ង់កែច្នៃ ដុតសំ​រាមទៅជា​អគ្គិសនី។

លោក បានបញ្ជាក់ថា ឆ្លងកាត់ការប្រមូលដឹកជញ្ជូនសំរាម ក្រុមហ៊ុនមានទំនុកចិត្តទៅលើរាជរដ្ឋាភិបាល​ក៏ដូចជារ​ដ្ឋបា​ល​រាជ​ធានី​ភ្នំពេញយ៉ាងខ្លាំង ។ ដូច្នេះក្រុមហ៊ុនមានបំណងចង់វិនិយោគ​លើគម្រោង​ដុត​សំរាម​ទៅអគ្គិសនី​នៅរាជធានីភ្នំពេញ​បន្ថែ​មទៀត ។ ដោយសារតែនៅប្រទេសចិន ក្រុមហ៊ុនមីហ្ស៊ុដា គ្រុប មានរោងចក្រដុតសំរាមទៅ​ជាអគ្គិសនី​ចំនួន​៣៣រោង​ចក្រ។ លោក​ជឿជាក់ថា​ គម្រោងនេះនឹង​ទទួលបានការគាំ​ទ្រពីសាលារាជធានី​ភ្នំពេញក៏ដូចជារាជ​រដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតបថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថា ក្រុមហ៊ុន ចង់វិនិយោគដុត​សំរា​មទៅ​ជាអគ្គិសនីនោះ គឺការងារនេះ ជាការងារដែលសម្រេចដោយរាជរដ្ឋាភិបាលកម្ពុជា។ ​តែបើរាជ​រដ្ឋាភិបាល​កម្ពុជា ផ្ត​ល់លទ្ធភាពឲ្យ​រដ្ឋបាល​រាជធានីភ្នំពេញជាអ្នក​ចាត់ចែង នោះរដ្ឋបាលរាជធានីភ្នំពេញ​និ​​ងផ្តល់ជូន ក្រុម​ហ៊ុន មីហ្ស៊ុដា មុនគេ។

លោក ឃួង ស្រេង បានបន្តថា ទោះបីជាមិនមានគំនរសំរាមសេសសល់ដូចមុន ការប្រមូលបាន​ទៀងទាត់ជាងមុន ប៉ុន្តែ​ក្រុម​ហ៊ុនក៏នៅមានចំណុចខ្វះខាតមួយចំនួន ដែលត្រូវបំពេញបន្ថែមផងដែរ ដើម្បីធ្វើយ៉ាងណាអោយរាជធានីភ្នំពេញ មានសោភ័ណភាព បរិស្ថានល្អប្រសើរជាងមុន ។

គួរបញ្ជាក់ថា ក្រុមហ៊ុន មីហ្ស៊ុដា ​​​ជាក្រុមហ៊ុ​ន​មួយស្ថិតក្នុង​ចំណោ​មក្រុមហ៊ុន​ចំនួន៣ ដែលកំពុង​​ប្រ​តិបត្តិ​ការ​សេ​វា​ប្រ​មូ​ល​​សំរាមនៅរា​ជធានីភ្នំពេញ។ បច្ចុប្បន្ន ក្រុមហ៊ុន មីហ្ស៊ុដា កំពុង​ប្រតិ​បត្តិការ​ប្រមូល​សំ​រា​មនៅខណ្ឌចំនួន៥​ គឺ ខណ្ឌដូ​ន​ពេញ ខណ្ឌ​​៧​មករា ខណ្ឌ​ពោធិ៍​សែ​ន​ជ័យ ខណ្ឌដង្កោ និ​ង​ខណ្ឌ​កំបូល ៕