ឧកញ៉ាវ័យក្មេង២រូប ទិញសិទ្ធិផ្តាច់មុខក្រុមហ៊ុនសេវាកម្មសម្អាតធំបំផុតរបស់ថៃ មកកាន់កម្ពុជា

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន ចតុមុខ សឺវីស គ្រុប ដែល​ជា​ក្រុមហ៊ុន​​ឯកទេស​គ្រប់គ្រង​សត្វល្អិត និង​មានឧកញ៉ាវ័យក្មេងចំនួនពីររូប​គឺ ឧកញ៉ា ឃន ឈុនដារ៉ា និង​ឧកញ៉ា អ៊ុក សំរិទ្ធិពេជ្រ ជាសហស្ថាបនិក ​​បាន​​ទិញ​សិទ្ធិផ្តាច់មុខ​ក្រុមហ៊ុន​សេវាកម្ម​សម្អាត​ដ៏​ធំ​បំផុត​មួយ​របស់​ប្រទេសថៃ IFS ​​​មក​កាន់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ២០២៣ នៅ​ទីក្រុងបាងកក ប្រទេសថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន​ IFS ជាក្រុមហ៊ុនសម្អាត​ដ៏​ធំ និង​ឈានមុខគេ​មួយ​នៅ​ប្រទេសថៃ និង​មាន​គោលដៅ​​​ចង់​ពង្រីក​ទីផ្សារ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ាន និង​នៅទូទាំងពិភពលោក។ ការ​ចុះ​កិច្ច​ព្រមព្រៀង​នេះ ​​​​នឹង​ជួយ​ឱ្យ​អតិថិជន​នៅ​កម្ពុជា ​​ទទួល​បាន​នូវ​សេវាកម្ម​សម្អាត​ល្អ​បំផុត ក៏​ដូច​ជា​បង្កើត​ឱកាស​ការងារ​ដល់យុវជន​ និង​ជួយ​ជំរុញ​សេដ្ឋកិច្ច​ជាតិ។

លោក យៀប សុគន្ធថៃ ​​នាយកគ្រប់គ្រង​ ក្រុមហ៊ុន ចតុមុខ សឺវីស គ្រុប ​​​​បាន​ថ្លែង​ថា៖ “តាមរយៈ​ការ​ទិញ​សិទ្ធិ​ផ្តាច់មុខ​នេះ ក្រុមហ៊ុន ចតុមុខ សឺវីស មាន​បំណង​នាំ​យក​សេវាកម្ម​ដ៏​ល្អបំផុត​របស់​ IFS ការច្នៃ​ប្រឌិត​នៃ​បច្ចក​វិទ្យាថ្មីៗ ដំណោះស្រាយល្អៗ និង​គុណភាព​សេវាកម្ម​លំដាប់ពិភពលោក​ទៅ​កាន់​ប្រទេស​កម្ពុជា ជួយ​បង្កើត​ការងារ ជំនាញ​ធនធាន​មនុស្ស​កម្រិត​ខ្ពស់ បង្កើន​ស្តង់ដា​ឧស្សាហកម្ម និង​រួម​ចំណែក​ជាមួយ​​គោលដៅ​របស់​រាជរដ្ឋាភិបាលកម្ពុជា ដែល​​​​ចង់​ក្លាយ​ជា​ប្រទេស​មាន​ស្តង់ដា​រស់នៅ​កម្រិត​ខ្ពស់​”។

ជាមួយ​គ្នា​នេះ ​លោក​ឧកញ៉ា អ៊ុក សំរិទ្ធិពេជ្រ ​ដែល​ទើប​ទទួល​បាន​គោរមងារ​ឧកញ៉ា​ ​​កាលពី​ពេលថ្មីៗនេះ ​​ក៏បាន​​លើក​ឡើង​​ផងដែរថា យើង​ពិត​ជា​រំភើប​ណាស់ ​​​ដែល​សម្រេច​បាន​គោលដៅ​ថ្មី​មួយ​នេះ។ ទម្រាំ​ឈាន​ដល់​ការ​ចុះ​ហត្ថលេខានេះ ក្រុមហ៊ុន​​​បាន​ចំណាយ​ពេល​អស់​រយៈពេល​១​ឆ្នាំ​ក្នុង​ការ​ចរចា​ជាមួយ​ក្រុមហ៊ុន IFS ដើម្បី​នាំ​យក​សេវាកម្ម​សម្អាត​ធំ​បំផុត​របស់​ប្រទេស​ថៃ មក​កាន់​ប្រទេសកម្ពុជា។ ​លោក​ឧកញ៉ា បាន​បញ្ជាក់​បន្ថែម​ថា ក្រុមហ៊ុន ចតុមុខ សឺវីស ត្រៀម​ខ្លួន​រួចរាល់​ហើយ ដើម្បី​ជំរុញ​​ស្តង់ដា​រស់នៅ និង​អនាម័យ​នៅកម្ពុជា។

សូម​ជម្រាប​ជូន​ថា ក្រុមហ៊ុន ចតុមុខ សឺវីស គ្រុប ក៏​មាន​​ក្រុមហ៊ុន​ជំនាញក្នុងការផ្តល់នូវសេវាកម្ម​កម្ចាត់សត្វ​ល្អិត Okin ដែល​ជា​ក្រុមហ៊ុន​មានបទពិសោធន៍ច្រើនទសវត្ស ស្តង់ដា​មក​ពីសហរដ្ឋអាមេរិក​​មួយ​​​ហើយ​ដែរ ខណៈ​ដែល​ម្ចាស់ភាគហ៊ុន នៃ​ក្រុមហ៊ុន​នេះ​​មាន​គ្នា​បួន​នាក់ រួម​មាន​លោក យៀប សុគន្ធថៃ លោក ថមម៉ាស ជីដាណូអេនជីម៉ាសេល ឧកញ៉ា ឃន ឈុនដារ៉ា និង​ឧកញ៉ា អ៊ុក សំរិទ្ធិពេជ្រ៕​​​​