នៅក្នុងវេទិកា Boao Forum សម្រាប់អាស៊ីធ្វើឡើងនៅក្នុងប្រទេសចិន ប្រធានមូលនិធិហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ IMF អ្នកស្រី Kristalina Georgieva បាននិយាយថា ប្រទេសដែលមានសេដ្ឋកិច្ចខ្លាំង គួរតែជួយដល់ប្រទេសក្រីក្រ ជាពិសេសប្រទេសដែលមានបំណុលវ័ណ្ឌក។
មេធំ IMF ក៏បានទម្លាយបន្ថែមថា ការជួយគ្នាបែបនេះ នឹងក្លាយជាកត្តាសំខាន់ក្នុងការប្រឆាំងនឹងការឡើងថ្លៃការប្រាក់ និងការធ្លាក់ចុះតម្លៃនៃរូបិយប័ណ្ណ។ នេះបើតាមការចុះផ្សាយពី Kelo។
“ពួកយើងត្រូវការយន្តការបន្ទាន់ និងមានប្រសិទ្ធភាពជាសកល ដើម្បីអាចដោះស្រាយបញ្ហាបំណុលសម្រាប់ប្រទេសទាំងនោះ”។ នេះបើតាមសម្ដីរបស់លោកស្រី Georgieva បាននិយាយនៅវេទិកា BFA។
អ្នកស្រី Georgieva ក៏បាននិយាយថា IMF ស្វាគមន៍ការចូលរួមរបស់ចិននៅក្នុងកម្មវិធី Common Framework និងការចូលរួមនៅក្នុងតារាងតុមូលបំណុលសកលថ្មី។
សូមជម្រាបដែរថា មេធំ IMF ក៏បាននិយាយផងដែរថា បណ្តាប្រទេសនានាចាំបាច់ត្រូវធ្វើការរួមគ្នា ដើម្បីពង្រឹងពាណិជ្ជកម្មអន្តរជាតិឡើងវិញ ក្នុងមធ្យោបាយសមធម៌សម្រាប់មនុស្សកាន់តែច្រើន ក្នុងការទទួលបានអត្ថប្រយោជន៍ពីសកលភាវូបនីយកម្ម និងធ្វើពិពិធកម្មសង្វាក់ផ្គត់ផ្គង់ ដោយផ្អែកលើតក្កវិជ្ជាសេដ្ឋកិច្ច៕