បណ្តាក្រុមហ៊ុនរុស្ស៊ី ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា ទទួលបានប្រាក់ចំណេញចំនួន ២,៣៤ទ្រីលានរូបល (៣០,២៥ពាន់លានដុល្លារ) នៅក្នុងខែមករា ឆ្នាំ ២០២៣ នេះ ពោលគឺបានធ្លាក់ចុះ ២១,៣% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ចំពេលបរិយាកាសអាជីវកម្មនៅក្នុងប្រទេសនេះ កាន់តែមានភាពយ៉ាប់យ៉ឺនទៅៗ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
ការសម្រេចចិត្តរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ក្នុងការបញ្ជូនកងកម្លាំងរាប់ម៉ឺននាក់ ចូលទៅឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភ: ឆ្នាំ ២០២២ មក បានបណ្តាលឱ្យរុស្ស៊ី ទទួលបានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ពីសំណាក់បណ្តាប្រទេសជាច្រើនជុំវិញពិភពលោក ទៅលើក្រុមហ៊ុនធំៗរាប់សិប រួមទាំងវិស័យស្នូលនៃសេដ្ឋកិច្ចរបស់រុស្ស៊ី ជាពិសេសទៅលើផ្នែកហិរញ្ញវត្ថុ និងថាមពល ថែមទៀតផង។
ជុំវិញស្ថានភាពបែបនេះ ក្រុមមន្ត្រីរបស់រុស្ស៊ី បានបង្ហាញថា ការធ្លាក់ចុះយ៉ាងកំហុគនៃប្រាក់ចំណេញរបស់ក្រុមហ៊ុនអាជីវកម្មធំៗក្នុងប្រទេស គឺជាផ្នែកដ៏សំខាន់មួយ ដែលធ្វើឱ្យមានការព្រួយបារម្ភបន្ថែមទៀត ទៅលើសេដ្ឋកិច្ចប្រទេសទាំងមូល ដែលបានធ្លាក់ចុះរហូតដល់ ២,១% កាលពីឆ្នាំមុន ហើយក៏នៅតែអាចបន្តធ្លាក់ចុះបន្ថែមទៀត នៅឆ្នាំ ២០២៣ នេះ ។
លើសពីនេះ បើតាមទិន្នន័យដែលទទួលបានពី Rosstat បានបង្ហាញឱ្យដឹងថា ប្រាក់ចំណេញរបស់ក្រុមហ៊ុនរុស្ស៊ីសរុប មានចំនួន ២,១៨ទ្រីលានរូបល នៅក្នុងខែធ្នូ ឆ្នាំ ២០២២ ពោលគឺបានធ្លាក់ចុះ ២២,៥% ពីចំនួន ២,៨១ទ្រីលានរូបល នៅក្នុងខែធ្នូ ឆ្នាំ ២០២១ ។
តែទោះបីជាយ៉ាងណាក៏ដោយ Rosstat បាននិយាយឱ្យដឹងទៀតថា ក្នុងចំណោមក្រុមហ៊ុនសរុបចំនួន ៤ ៦០០ ត្រូវបានរំពឹងទុកខ្ពស់ថាទិន្នផលរបស់ពួកគេអាចនឹងមានការកើនឡើងមកវិញ នៅក្នុងរយ:ពេល ៣ ខែខាងមុខ ឆ្នាំនេះ ពោលគឺនឹងខ្ពស់ជាងអ្វីដែលក្រុមអ្នកវិភាគបានរំពឹងទុក ៕