លោកឧកញ៉ា សុខ ហ៊ាង បានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ អាណត្តិទី១ លើកទី២ ក្នុងចំណោមបេក្ខភាពឧកញ៉ា៣រូប និងបេក្ខជនសរុប៧រូប ក្នុងការបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។
កាលថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ នៅមន្ទីពាណិជ្ជកម្មខេត្តត្បូងឃ្មុំ បានរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្ម ខេត្តត្បូងឃ្មុំ អាណត្តិទី១ លើកទី២ ក្រោមអធិបតីភាព លោក បួន សារៈមុនី រដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម លោក ប៉េង សម្បត្តិ អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី សេង សុម៉ុន អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា។
ការបោះឆ្នោតដំណើរការចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៣រសៀល តាមការកំណត់របស់គណៈកម្មការរៀបចំការបោះឆ្នោតដោយមានបេក្ខជនឈរឈ្មោះ៩រូប អ្នកចុះឈ្មោះបោះឆ្នោតសរុប២០៨នាក់ និងមានអ្នកបានមកបោះឆ្នោតសរុប ១៤៥នាក់ ស្មើនឹង៧០ភាគរយ។ បន្ទាប់ពីរាប់សន្លឹកឆ្នោត បេក្ខជនជ័យលាភីមាន៧រូប សរុបសមាជិកជ្រើសតាំងចាស់ និងថ្មីមានចំនួន១៥រូប ជាលទ្ធផលឧកញ៉ា សុខ ហ៊ាង ត្រូវបានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ អាណត្តិទី១ លើកទី២ នេះ។
គួរបញ្ជាក់ថា បេក្ខជន៧រូប ដែលឈរឈ្មោះក្នុងការបោះឆ្នោតជាប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ រួមមាន ឧកញ៉ា សុខ ហ៊ាង, ឧកញ៉ា សូ សេត, ឧកញ៉ា ស៊្រុយ ម៉ៅ, លោក អ៊ឹម លីចាន់, លោក អ៊ាង ម៉េងត្រៃ, លោកស្រី ហ៊ន់ សោភា និងលោកស្រី ឃឿន ឈុនហឿន។ ជាលទ្ធផលឧកញ៉ា សុខ ហ៊ាង ដែលជាអតីតប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ អាណត្តិមុន ទទួលបានសម្លេងបោះឆ្នោតច្រើនជាងគេ រហូតដល់ទៅ ១៣សម្លេង ហើយនឹងបន្តតួនាទីជាប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំទៀត៕