កិច្ចប្រជុំពីកោះបាលី ស្នើឲ្យប្រទេសក្នុងតំបន់អាស៊ានប្រើប្រាស់រូបិយវត្ថុក្នុងស្រុក កុំរំពឹងបរទេស

អន្តរជាតិ

ទេសាភិបាលធនាគារកណ្ដាល និងរដ្ឋមន្ត្រីហិរញ្ញវត្ថុប្រចាំតំបន់អាស៊ីអាគ្នេយ៍ បាន​បញ្ចប់កិច្ចប្រជុំ​មួយ​ធ្វើឡើងនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ីក្នុងសប្ដាហ៍នេះ ខណៈកិច្ចពិភាក្សា​ផ្ដោតសំខាន់​លើ​វិធី​ទប់ស្កាត់ហានិភ័យសកលសម្រាប់​ប្រទេសក្នុងតំបន់​ ដោយសំណូមពរឲ្យប្រទេសក្នុងតំបន់ងាកមកបង្កើនការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក ជាជាងពឹងផ្អែកលើរូបិយប័ណ្ណបរទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការជួបជុំរវាងមេធំ​ហិរញ្ញវត្ថុមកពី​តំបន់អាស៊ីអាគ្នេយ៍​ធ្វើឡើង ក្រោយវិស័យធនាគារនៅអាមេរិក​កំពុងមាន​ហានិភ័យ ជាពិសេស​ក្រោយ​ការ​ដួលរលំ​របស់​ធនាគារ​កំពូល​មួយ​នៅ​លោកខាងលិច​គឺ Silicon Valley Bank។ នេះបើតាមការចុះផ្សាយពី CNA។

ទេសាភិបាលរងធនាគារកណ្តាលឥណ្ឌូនេស៊ី Dody Budi Waluyo បានប្រាប់ទៅកាន់​អ្នកសារព័ត៌មាន​ថា៖ “បញ្ហានៅអាស៊ានយើង​គឺ​សុទ្ធតែដូចគ្នា វិបត្តិអតិផរណាខ្ពស់ ភាពចលាចលនៃទីផ្សារហិរញ្ញវត្ថុ និងលំហូរចេញមូលធនជាដើម ហើយបច្ចុប្បន្ន​ភាពចលាចល​លើ​វិស័យធនាគារ​នៅ​អាមេរិក និងអឺរ៉ុប​ក៏​កំពុងកើតមានដូចគ្នា”។

បន្ថែមពីនោះ លោក Dody ក៏បាននិយាយថា តំណាងផ្នែកហិរញ្ញវត្ថុបានពិភាក្សាអំពីការតភ្ជាប់ប្រព័ន្ធទូទាត់នៅក្នុងតំបន់ បើទោះបីជាហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសអាស៊ានមួយចំនួនមិនទាន់ត្រូវបានអភិវឌ្ឍពេញលេញនៅឡើយ។

ចំណុចគោលនៃកិច្ចពិភាក្សាលើកនេះ គឺកិច្ចប្រជុំតំណាងផ្នែកហិរញ្ញវត្ថុ បានដាក់សំណើឲ្យប្រទេសក្នុងតំបន់ បង្កើនការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក សម្រាប់ការធ្វើពាណិជ្ជកម្ម ឬការវិនិយោគ ដើម្បីកាត់បន្ថយការពឹងផ្អែកលើរូបិយប័ណ្ណបរទេសដូចជាប្រាក់ដុល្លារអាមេរិក៕