ឯកឧត្តម ហ៊ុន ម៉ាណែត៖ ទស្សនវិស័យនៃកំណើនសេដ្ឋកិច្ចកម្ពុជាទាំងមូល នឹងកាន់តែមានភាពវិជ្ជមានល្អសម្រាប់ពេលខាងមុខ

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្រ្តីបន្តវេន បានលើកឡើងថា  សកម្មភាពសង្គម-សេដ្ឋកិច្ច បានវិលត្រឡប់មកជាធម្មតាឡើងវិញ វិស័យទេសចរណ៍កម្ពុជាបានងើបឡើងជាបណ្តើរៗប្រកបដោយទំនុកចិត្តខ្ពស់ ដោយនៅឆ្នាំ២០២២ទទួលភ្ញៀវទេសចរណ៍អន្តរជាតិ រហូតប្រមាណ ២,២៨ លាននាក់ ដែលជាកំណើនដល់ជាង ១០ ដង បើធៀបទៅនឹងឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីសម្ពោធសណ្ឋាគារ Fairfield by Marriott Phnom Penh  នៅថ្ងៃទី៣១ ខែមីនានេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រភពចំណូលពីវិស័យទេសចរណ៍របស់កម្ពុជា ក៏បានកើនដល់ទៅជាង ៦ ដង ក្នុងអំឡុងពេលដូចគ្នា ហើយកំណើននេះក៏បានបង្កើតនូវមុខរបរ និងការងារទេសចរណ៍ជូនដល់ប្រជាជនប្រមាណ ៣២ ម៉ឺននាក់ផងដែរ។ ឈរលើមូលដ្ឋាននេះ ទស្សនវិស័យនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាទាំងមូល នឹងកាន់តែមានភាពវិជ្ជមានល្អសម្រាប់ពេលខាងមុខ។ និន្នាការនេះ ក៏ជាសញ្ញាវិជ្ជមានដ៏ប្រសើរនៃប្រតិបត្តិការក្នុងអនុវិស័យសណ្ឋាគារក្នុងរយៈពេលវែង និងមធ្យម ជាពិសេសខណៈដែលឆ្នាំ២០២៣ នេះ កម្ពុជាក៏កំពុងរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន ដូចជា៖ យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣» និងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ទន្ទឹមនឹងនេះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បង្ហាញផងដែរក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ និងភាពបុរេសកម្មរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី កម្ពុជាបានក្លាយជាប្រទេសឈានមុខមួយក្នុងតំបន់ និងសកលលោក ដោយរាជរដ្ឋាភិបាលអាចគ្រប់គ្រងសភាពការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសបានយ៉ាងល្អប្រសើរ និងបានបង្កលទ្ធភាពឱ្យកម្ពុជាបើកប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យប្រកបដោយភាពជឿជាក់ និងសុវត្ថិភាព ចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២១ រហូតមក។

ឯកឧត្តមគូសបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាល ថែមទាំងបានប្រែក្លាយដំណាក់កាលនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ឱ្យទៅជាឱកាសនៃការកែលម្អ ដោយបានធ្វើទំនើបកម្មរចនាសម្ព័ន្ធផ្លូវថ្នល់នៅក្រុងព្រះសីហនុ និងក្រុងសៀមរាប-អង្គរ ដែលជាប៉ូលទេសចរណ៍ដ៏សំខាន់ ដើម្បីទាក់ទាញ និងទទួលភ្ញៀវទេសចរណ៍នៅពេលដែលប្រទេសត្រូវបានបើកដំណើរការពេញលេញឡើងវិញ។

បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវផែនការមេសម្រាប់អភិវឌ្ឍវិស័យទេសចរណ៍ នៅតាមប៉ូលទេសចរណ៍សំខាន់ៗនានា សំដៅកសាងឡើងវិញនូវមូលដ្ឋានអភិវឌ្ឍន៍នៃវិស័យទេសចរណ៍ ដែលមានភាពប្រទាក់ក្រឡា និងភាពទាក់ទាញជាងមុន។ រាជរដ្ឋាភិបាលក៏មានសង្ឃឹមថា វិស័យឯកជននឹងចូលរួមដើម្បីឈានទៅសម្រេចនូវគោលបំណងទាំងនេះ៕