តារាចម្រៀងស្រីជើងចាស់ល្បីឈ្មោះ ម៉េង កែវពេជ្ជតា ត្រូវបានស្ត្រីម្នាក់ ឈ្មោះ រស់ សោភ័ណ្ឌ ដែលគេសង្ស័យថា ជាភរិយាអតីស្វាមីនាង បានដាក់ពាក្យប្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងសម្លុតកុំឲ្យដាក់ពាក្យបណ្តឹង តាមបណ្ដាញសង្គមFacebook ក្នុងពាក្យបណ្ដឹងនោះ ដើមបណ្ដឹងទាមទាឈ្មោះ ម៉េង កែវពេជ្ជតា ចេញមុខសុំទោសជាសាធារណៈ ហើយសំណងទាមទារត្រឹមតែ១០០រៀលប៉ុណ្ណោះ។
ជារឿងដែលគួឲ្យចាប់អារម្មណ៍ដែល តារាចម្រៀងស្រីជើងចាស់ល្បីឈ្មោះ ម៉េង កែវពេជ្ជតា ល្បីខាងឧស្សាហ៍របង្ហោះវីដេអូវាយប្រហារគូសត្រូវតាមបណ្ដាញសង្គមហ្វេសប៊ុក ត្រូវបានគេប្តឹងហើយពីបទបរិហារកេរ្តិ៍។បើតាមក្នុងពាក្យបណ្តឹង ដាក់ចូលតុលាការកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ស្ត្រី ដែលទំនងជាប្រពន្ធក្រោយរបស់លោកឧត្តមសេនីយ៍ មួង ឃីម ជាអតីតប្តីរបស់អ្នកនាង ម៉េង កែវពេជ្ជតា បានប្តឹងទាមទារសំណងជំងឺចិត្ត ១០០រៀល និងសុំឲ្យចោទប្រកាន់ ផ្តន្ទាទោសតាមច្បាប់ និងសុំឲ្យប្រកាសសុំទោសលើបណ្តាញសង្គមហ្វេសបុកជាសាធារណៈ។
ជាការកត់សម្គាល់ មុនមានពាក្យបណ្ដឹងនេះ អ្នកនាង ម៉េង កែវពេជ្ជតា បានLiveវីដេអូ រៀបរាប់ពីការប្រឹងប្រែង តស៊ូក្នុងឆាកជីវិត ដើម្បីកូនប្រុសស្រី ក្រោយលែងលះស្វាមី។ ពេលLiveវីដេអូនោះ មានគណនីហ្វេសប៊ុកមួយបានចូលទៅComment សួរអំពីរឿងប្រាក់ដែលនាងបានទទួលក្រោយការលែងលះគ្នានោះ ធ្វើឲ្យនាងក្ដៅចុងច្រមុះ ក៍ចាប់ផ្តើមបើកកកាយរឿងជូរចត់របស់នាងនៅពេលរួមរស់ជាមួយស្វាមី និងក្រោយពេលលែងលះគ្នា។
ក្នុងវីដេអូ Liveនោះ អ្នកនាងបានលើកឡើងពីការដែលត្រូវក្លាយខ្លួនជាភរិយា និងរងនូវភារៈមើលការខុសត្រូវជាច្រើន ក្រោយពេលរួមរស់ជាមួយអតីតស្វាមី រហូតជួបរឿងរកាំរកូស ការមើលងាយ ជេរប្រមាថ ការវាយដំ ការរំលោភសិទ្ធិសេរីភាព ការបង្ខូចកិត្តិយស និងទម្លាក់កំហុសជាច្រើនបន្តបន្ទាប់ រហូតលែងលះគ្នា ដែលទីបំផុត នាងទទួលបានត្រឹមតែការមើលថែកូនទាំងពីរ និងមិនទទួលបានទ្រព្យសម្បត្តិដែលប្រឹងប្រែងរកបានរួមគ្នានោះសោះ។
អ្នកនាង
ម៉េង កែវពេជ្ជតា បានថ្លែងថា
អតីតស្វាមីនៅតែចិញ្ចឹមចិត្តព្យាបាទនាង
និងមិនបានបំពេញតួនាទីជាឪពុកគឺមានតែការរំខាន
និងរារាំងមិនឲ្យកូនចេញទៅរៀននៅបរទេសជាដើម។
ទោះមានឈ្មោះជាស្ត្រីមេម៉ាយក្តី
ប៉ុន្តែនាងមើលថែរកូនប្រុសស្រីរបស់នាងបានយ៉ាងល្អ។នៅក្នុងវីដេអូឡាយចំនួន
៣ឃ្លីប ដែលមានរយៈពេលជាច្រើនម៉ោងនោះ
អ្នកនាង ម៉េង កែវពេជ្ជតា
សង្កត់ហើយសង្កត់ទៀតទៅលើចំណុចត្រង់ថា
ប្ដីប្រពន្ធឈ្លោះប្រកែកគ្នា
ជេរគ្នា
ហេតុអ្វីក៏ត្រូវបញ្ចេញសំឡេងរបស់នាងដែលត្រូវអតីតស្វាមីលួចថត
តែភាគីអ្នកនាងម្ខាង
ឱ្យពិភពលោកបានស្ដាប់អ៊ីចឹង
ហើយចុះសំឡេងអតីតប្ដីដែលជេរនាងក្ដែងៗ
ម៉េចមិនបញ្ចេញសំឡេងមកក្រៅផង។
ចំណុចនេះ
អ្នកនាងគិតថា
វាហាក់បីដូចជាអយុត្តិធម៌ពេកចំពោះនាងពេកហើយ
ដែលកន្លងមកអ្នកនាង
ខិតខំថែរក្សាកិត្តិយសឱ្យប្ដីអស់ជាច្រើនឆ្នាំ
ទាំងបិទមាត់សង្កត់ចិត្ត។
អ្នកនាង ម៉េង កែវពេជ្ជតា
បានឌឺដងទៅកាន់លោក មួង
ឃីម ជាអតីតស្វាមីថា
ប្រពន្ធថ្មីក្រោយដែលលោក
មួង ឃីម បានមកនោះ
គឺសមនឹងទទួលកម្មពារពីនាងហើយ។
ភាពវេទនារបស់នាងនិងកូនៗ
គឺមានច្រើនណាស់ក្នុងរយៈ១០ឆ្នាំមកនេះ។
បន្ទាប់ពីមានការឡាយ Liveវីដេអូ នោះមក មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែមានពាក្យបណ្ដឹង ដូចរៀបរាប់ខាងលើ មកលើរូបអ្នកនាង តែម្ដង។ ស្ត្រីឈ្មោះ រស់ សោភ័ណ្ឌ ដែលជាដើមបណ្ដឹង ត្រូវបានគេសង្ស័យថា ទំនងជាប្រពន្ធក្រោយរបស់លោកឧត្តមសេនីយ៍ មួង ឃីម ជាអតីតប្តីរបស់អ្នកនាង ម៉េង កែវពេជ្ជតា នេះឯង។
បែបណាក្ដី ទាក់ទិនទៅនឹងបណ្ដឹងនេះ គេនៅទាន់ឃើញមានប្រតិកម្មយ៉ាងណាពីអ្នកនាង ម៉េង កែវពេជ្ជតា នៅឡើយទេនោះទេ។បច្ចុប្បន្នអ្នកនាង ម៉េង កែវពេជ្ជតា ក្រៅពីទទួលរងនៅពាក្យបណ្ដឹងខាងលើ តារាចម្រៀងជើងចាស់រូបនេះក៏កំពុងតែ រងនៅសង្គ្រាមពាក្យសម្ដីគ្នា លើការយកបទចម្រៀងគ្នាច្រៀងផងដែរ៕