អ្នកឧកញ៉ា អុឹង លីហេង ស្ថាបនិក សមាគមមូលនិធិដើម្បីឧត្ដមភាពនៃការអប់រំ (Foundation for Exellence in Education Association) កាលពីរសៀលថ្ងៃទី៣០ ខែមីនា បានដឹកនាំគណៈប្រតិភូជាតិ និងអន្តរជាតិ ដែលជាសប្បុរសជន ជិត ២០រូប ចុះជួបផ្ទាល់ជាមួយគណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដើម្បីសិក្សាលទ្ធភាពថ្មីៗបន្ថែមទៀត ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យអប់រំ ជាមួយក្រសួង អប់រំ យុវជន និងកីឡា។
ថ្លែងក្នុងកម្មវិធីនៃការជួបជុំនោះ អ្នកឧកញ៉ា អុឹង លីហេង មានបញ្ជាក់ថា ក្រុមការងារ សមាគមមូលនិធិដើម្បីឧត្ដមភាពនៃការអប់រំ បានចុះមកផ្ទាល់ម្ដងទៀត ដើម្បីសិក្សាពីលទ្ធភាពដែលអាចជួយដល់ការកៀរគរ សប្បុរសជនទាំងក្នុង និងក្រៅស្រុកឱ្យបានកាន់តែច្រើនថែមទៀត ក្នុងការចូលរួមតាមលទ្ធភាព អាចជាធនធានថវិកា សម្ភារៈ ឬមធ្យោបាយផ្សេងៗ ដើម្បីជាការរួមចំណែកជួយវិទ្យាស្ថាន និងតាមសាលារៀននៅទូទាំងប្រទេសកម្ពុជា។”
ស្ថាបនិក “សមាគមមូលនិធិដើម្បីឧត្ដមភាពនៃការអប់រំ” អ្នកឧកញ៉ា អុឹង លីហេង ពន្យល់បន្ថែមថា៖ “តាមពិតទៅ កន្លងមកខាង សមាគមមូលនិធិ បានចូលរួមសហការជាមួយគណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ កសាងសមិទ្ធិផលមួយចំនួនហើយ នៅក្នុងវិទ្យាស្ថាន ក៏ដូចជា ជួយដល់ការបំពាក់នូវសម្ភារៈបច្ចេកវិទ្យាទំនើប ដែលសម្រួលដល់ប្រព័ន្ធគ្រប់គ្រងការអប់រំក្នុងសាលាបានជាបណ្ដើរៗ ហើយសមាគម កំពុងមានផែនការជាបន្តបន្ទាប់ទៀត ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំ ជាមួយក្រសួងអប់រំ យុវជន និងកីឡា។”
លោកបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់ ឧកញ៉ាញ៉ូស៍ ថា៖ ជំនួបរវាងគណៈគ្រប់គ្រងសាលា និងសប្បុរជននៃ មូលនិធិដើម្បីឧត្ដមភាពនៃការអប់រំ លើកនេះ ពួកយើងបានជជែក និងផ្លាស់ប្ដូរបទពិសោធន៍គ្នាបានច្រើន ជុំវិញការពង្រឹងបន្ថែមនូវវិស័យព័ត៌មានវិទ្យា និងបច្ចេកវិទ្យានៅក្នុងសាលា ជាពិសេស កន្លងមកមូលនិធិបានផ្ដល់ឱកាសដល់លោកគ្រូអ្នកគ្រូ បានចូលវគ្គសិក្សាភាពជាអ្នកដឹកនាំ ជាមួយអ្នកជំនាញៗមកពីបរទេស គឺពិតជាល្អខ្លាំងមែនទែន។ ជាពិសេសទៀតនោះ សមាគមមូលនិធិ របស់អ្នកឧកញ៉ា អុឹង លីហេង ក៏ទើបតែបានជួយសាងសង់របង សាលាគរុកោសល្យរាជធានីភ្នំពេញ ប្រវែង ១០៦ម៉ែត្រ ផងដែរ។
លោកបណ្ឌិត បន្ថែមទៀតថា វត្ថុបំណងស្នូលនៃការផ្ដួចផ្ដើមនេះ ធ្វើឡើងដើម្បីបង្កើតភាពជាគំរូចេញពីវិទ្យាស្ថាន ដោយរំពឹងថា ក្រោយបានលទ្ធផលផ្លែផ្កាចេញពីស្ថាប័នគំរូបែបនេះ នឹងផ្ដល់ផលជាវិជ្ជមាន ទៅដល់បណ្ដាសាលារៀនផ្សេងៗទៀតផងដែរ។
កន្លងមក តាមរយៈការផ្ដួចផ្ដើមរបស់ អ្នកឧកញ៉ា អុឹង លីហេង និងអ្នកជំនាញបច្ចេកវិទ្យា បានដឹកនាំបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងវត្តមាន សិស្ស និងគ្រូ ប្រព័ន្ធគ្រប់គ្រងការបង្រៀន និងរៀន។ ប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបនេះ ផ្ដល់លទ្ធភាពងាយស្រួលដល់ការ គ្រប់គ្រងវត្តមានសិស្ស គ្រប់គ្រងកម្មវិធីសិក្សាគ្រូ ការដាក់ពិន្ទុសិស្ស ការដាក់កិច្ចការងារដល់សិស្ស និងកិច្ចការអប់រំផ្សេងៗជាច្រើនផ្សេងទៀតបានយ៉ាងងាយស្រួល។
អ្វីដែលកាន់តែពិសេសបំផុតនោះ ប្រព័ន្ធបច្ចេកវិទ្យាដែលបំពាក់នៅតាមអគារសិក្សា ក្នុងបរិវេនវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក៏អាចអនុញ្ញាតឱ្យមាតាបិតា អាណាព្យាបាលសិស្សអាចចូលប្រើប្រាស់ ដើម្បីតាមដានវត្តមានកូនៗ ការសិក្សា និងសកម្មភាពរបស់កូនៗពួកគាត់បានយ៉ាងមានប្រសិទ្ធភាពផងដែរ ៕