លោកជំទាវ ស៊ីន សុផលដានីតា នាយិកាសេវាកម្មរៀបចំកម្មវិធី អិន អេន អិន (N&N) ជាសហគ្រិនវ័យក្មេងឆ្នើមមួយរូបនៅខេត្តកំពង់ស្ពឺ។
កញ្ញា ជាម្ចាស់ហាង អិន អេន អិន ដែលមានសេវាកម្មទទួលរៀបចំពិធីក្រុងពាលី ចម្រើនព្រះបរិត្ត រៀបចំជំនូន (ជើងពាន និង តោកមាស) និងមានលក់កន្រ្កកកាដូគ្រប់ប្រភេទ ដែលមានទីតាំងនៅ បុរីឈុនទីន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្រៅពីម្ចាស់ហាងដ៏ធំ កញ្ញា សុផលដានីតា ក៏ជាមន្ត្រីផ្នែកហិរញ្ញវត្ថុ នៅរដ្ឋបាលខណ្ឌមានជ័យ និងធ្លាប់ជាជំនួយការផ្ទាល់ លោក ពេជ្រ កែវមុនី អតីតអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ហើយកញ្ញាក៏ជាសមាជិកក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យ២ ផងដែរ។
លោកជំទាវវ័យក្មេងរូបនេះ ទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញច្បាប់ នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី និងទើបទទួលសញ្ញាបត្រ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ។ លោកជំទាវជាកូនស្រីរបស់ឧត្ដមសេនីយ៍ត្រី ផែន សុផល ទីប្រឹក្សាក្រសួងមហាផ្ទៃ ដែលមានឋានៈស្មើ «អគ្គនាយក» និងលោកជំទាវ ទឹម ចិន្តា។
កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ សុផលដានីតា ទើបប្រារព្វពិធីឡើងគេហដ្ឋានថ្មីចំនួនពីរ ហាងថ្មី នៅ បុរី ឈុនទីន ក្រុងច្បារមន និងរថយន្តទំនើបថ្មី ដែលទើបទិញផងដែរ។ គេសង្កេតឃើញថា សហគ្រិនវ័យក្មេងរូបនេះ ជាបុគ្គលដែលស្រឡាញ់រថយន្តទំនើបៗ និងតែងតែផ្លាស់ប្តូររថយន្តទំនើបៗ ថ្លៃៗជាញឹកញាប់។
សូមជម្រាបថា ក្រៅពីការងារជាមន្ត្រីរាជការ និងការប្រកបមុខជំនួញ លោកជំទាវ សុផលដានីតា តែងតែចំណាយថវិកាផ្ទាល់ខ្លួនជួយដល់សង្គម និងរដ្ឋបាលខេត្តកំពង់ស្ពឺ ជាហូហែរ។ ជាក់ស្តែង កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ កញ្ញាបានឧបត្ថម្ភថវិកា ២លានរៀល ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងពិធីប្រណាំងទូក។ តាមរយៈការបរិច្ចាគថវិកាជួយសង្គមជាច្រើន ទាំងការជួយកសាងវត្តអារាម ជួយក្មេងកំព្រា និងជួយជនរងគ្រោះផ្សេងៗទាំងនេះ បានធ្វើឱ្យកញ្ញា ទទួលបានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍ និងត្រូវបានបំពាក់ដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២៕