ស្គាល់គ្នា១០ឆ្នាំ លោក ហោ ចាន់រដ្ឋា យល់ថាជំទាវឧកញ៉ា តាំង ហ្គិចលៀង ជាមនុស្សមានបេះដូងចែករំលែក និងតែងមានចិត្តជួយសង្គម

ជុំវិញ​ឧកញ៉ា

លោក ហោ ចាន់រដ្ឋា អ្នកស្រាវជ្រាវភាពជាអ្នកដឹកនាំ បានលើកឡើង​​ថា ឆ្លង​កាត់​ការ​​ស្គាល់​គ្នា​​ជាមួយ​លោក​ជំទាវ​ឧកញ៉ា តាំង ហ្គិចលៀង ​រយៈពេល​១០​ឆ្នាំ​មក​ហើយ លោក​គិត​ថា​លោកជំទាវ ប្រធានក្លឹបស្ត្រីកម្ពុជា និងជា​អគ្គនាយិកា ក្រុមហ៊ុន H &L Group គឺ​ជា​មនុស្ស ដែលមានបេះដូងចែករំលែក និងតែងតែមានទឹកចិត្ត​ជួយ​សង្គម ជួយគ្រួសារ និង​ជួយយុវជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហោ ចាន់រដ្ឋា បាន​បញ្ជាក់​លើ​ទំព័រ​ហ្វេសប៊ុក​​​របស់​លោក នា​ព្រលប់​ថ្ងៃ​សុក្រ​នេះ​ យ៉ាង​ដូច្នេះ​ថា៖ “ខ្ញុំស្គាល់​បងស្រី ១០ឆ្នាំហើយ! បងស្រី តាំង ហ្គិចលៀង គឺជាមនុស្ស ដែលមានបេះដូងចែករំលែក និងតែងតែមាន​ទឹក​ចិត្ត​ជួយសង្គម ជួយគ្រួសារ ជួយយុវជន រហូតជួយកុមារអូទីស្សឹម។ ទឹកចិត្តបងស្រី គឺតែងតែគៀងគរបងប្អូន​ស្រី្តៗ​យើង ក៏ដូចជាសង្គមយើង ឱ្យនាំគ្នាចូលរួមជួយដោះស្រាយបញ្ហាសង្គម និងរួមគ្នាអភិវឌ្ឍសង្គមជាតិយើង។ បងស្រីតែងតែប្រាថ្នាចង់ឃើញ​បងប្អូនស្រី្តយើង ក្លាយជាប្រភពឋាមពលវិជ្ជមាន ជាប្រភពសុភមង្គល សម្រាប់​គ្រួសារ និងសង្គមជាតិយើង”។

លោក​បាន​បន្ត​ថា ក្នុងនាមជាអ្នករៀបចំ ទិវាភាពជាអ្នកមានប្រចាំឆ្នាំ តាំងពីឆ្នាំ២០១៩-២០២២ គឺគ្មាន​ចេតនា​ណាមួយ​ ប្រមាថមើលងាយអ្នកក្រឡើយ គឺមានតែរួមគ្នាដើម្បីជួយឱ្សមនុស្សគ្រប់គ្នា គឺសុទ្ធតែអាចក្លាយជា​អ្នក​មាន។

យ៉ាងណាមិញ លោក ហោ ចាន់រដ្ឋា ​​យល់​ថា​អ្វីដែលលោកជំទាវ​បាននិយាយ នៅក្នុងទិវាភាពជាអ្នកមាន ថ្ងៃទី៧ ខែ៧ ឆ្នាំ២០២២ ស្តីពី «ទម្លាប់អ្នកមាន» គឺពិតជាមានអត្ថន័យខ្លឹមសារល្អបំផុត និងមានប្រយោជន៍បំផុត សម្រាប់​សង្គមជាតិយើងទាំងមូល ដែលបងប្អូនយើងមិនគួរមានការយល់ច្រឡំណាមួយ​សោះឡើយ។

លោក​បាន​បន្ត​សម្តែង​ការ​សោកស្តាយ​ថា៖ “មនុស្សល្អដូចបងស្រី មិនគួរណាត្រូវបានគេប្រមាថឡើយ តែយើងគួរ​តែរួមគ្នាការពារមនុស្សល្អដូចបងស្រី លើកទឹកចិត្តមនុស្សល្អដូចបងស្រី និងស្រលាញ់មនុស្សល្អដូចបងស្រី ដើម្បី​ពង្រីកមនុស្សល្អដូចបងស្រីឱ្យបានកាន់តែច្រើន សម្រាប់សង្គមជាតិយើង”។

គួរ​រំឭកថា វីដេអូដែលលោកជំទាវ ឧកញ៉ា ហ្គិចលៀង ធ្លាប់បានឡើងចែករំលែកផ្នត់គំនិត និងបទពិសោន៍ល្អៗ​ប្រចាំជីវិត លើ​ប្រធានបទ​ “ទម្លាប់អ្នកមាន” កាលពីឆ្នាំ២០២២ បែរជាត្រូវបានគេយកទៅកាត់ត​ឱ្យខ្លី ដែល​មិន​បាន​ឆ្លុះបញ្ចាំងនូវខ្លឹមសារដើមទាំងស្រុងទៅវិញ។ ការណ៍នេះ ក៏បានធ្វើ​ឱ្យបងប្អូនមហាជន អ្នកលេង​បណ្ដាញ​សង្គម បញ្ចេញទស្សនៈប្រតិកម្ម និងស្ដីបន្ទោស មកលើលោកជំទាវ ថែមទៀតផង។ ទោះ​យ៉ាងណា ក៏​មាន​មនុស្ស​ជា​ច្រើន​ ​​បាន​ផ្ញើសារ​​ការពារ​ និង​លើក​ទឹកចិត្ត​លោកជំទាវ ផង​ដែរ ដោយ​យល់​ថា តាម​ពិត​ទៅ​លោកជំទាវ លើក​ឡើង​​គឺ​​​មិន​បាន​មើលងាយ​អ្នកក្រ​នោះ​ទេ ពោល​គឺ​លោកជំទាវ​ ចង់​ជួយ​​​អ្នកស្តាប់​​​​ឱ្យ​ទទួល​បាន​នូវ​​ផ្នត់​គំនិត​​​វិជ្ជមាន ដើម្បីក្លាយ​​ខ្លួន​ជា​អ្នកមាន​បាន​​តែ​ប៉ុណ្ណោះ៕