ក្រសួងពាណិជ្ជកម្ម និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្រចាំប្រទេសកម្ពុជា (IFC) បានបើកកិច្ចពិភាក្សា និងផ្លាស់ប្តូរយោបល់ ដើម្បីរួមសហការគ្នា ឈានទៅពង្រីកការនាំចេញស្រូវ-អង្ករកម្ពុជាទៅកាន់ទីផ្សារពិភពលោកឱ្យកាន់តែខ្លាំងថែមទៀត។ នេះបើតាមជំនួបរវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក Asad Yaqub ប្រធានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្រចាំប្រទេសកម្ពុជា (IFC) កាលថ្ងៃទី៣០ ខែមីនា។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់ ទាក់ទងទៅនឹងសមិទ្ធផលសំខាន់ៗក្នុងវិស័យពាណិជ្ជកម្ម បញ្ហាប្រឈមសម្រាប់ការអភិវឌ្ឍ និងឱកាសវិនិយោគក្នុងវិស័យនេះនៅកម្ពុជា។ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានសម្តែងការគួរសមយ៉ាងកក់ក្តៅ និងបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជាមួយគ្នាកន្លងមកនៅក្នុងកម្មវិធីធ្វើពិពិធកម្ម និងពង្រីកការនាំចេញរបស់កម្ពុជា (CEDEP) ក៏ដូចជាការពង្រីកកម្មវិធីលើការគាំទ្រស្រូវ-អង្ករក្នុងឆ្នាំ២០១២ តាមរយៈការគាំទ្រហិរញ្ញវត្ថុពីកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម។
លោកបន្តថា៖ «ការរួមសហការគ្នា និងការចូលរួមគាំទ្រក្នុងវិស័យស្រូវ-អង្ករកម្ពុជានេះ ពិតជាបានជួយជំរុញការអភិវឌ្ឍវិស័យនេះឱ្យមានកំណើនសមត្ថភាពនៃការផលិត និងនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោក»។
គួរបញ្ជាក់ដែរថា តាមរយៈជំនួបនោះ ក្រសួងពាណិជ្ជកម្ម ក៏បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម របស់ IFC ក្នុងការពង្រីកការគាំទ្រលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូទៅលើវិស័យផ្សេងៗរបស់កម្ពុជា រួមមានដំឡូង គ្រាប់ស្វាយចន្ទី ម្រេច កាហ្វេ ក្រូចពោធិ៍សាត់ ស្វាយ ផ្លែមៀន និងជលផលនេសាទ។ល។រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរូបនេះ បានអះអាងទៀតថា ការពង្រីកប្រតិបត្តិការអាជីវកម្ម តាមរយៈការផ្តល់ហិរញ្ញប្បទាន កម្ចី ជំនួយឥតសំណង ឬជំនួយបច្ចេកទេស នឹងរួមចំណែកក្នុងការជួយទៅដល់វិស័យឯកជន ហើយការសហការគ្នាក្នុងភាពជាដៃគូរវាងរដ្ឋនិងឯកជន នឹងផ្តល់សារសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចកម្ពុជាផងដែរ៕