សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃសៅរ៍ទី១ ខែមេសា ឆ្នាំ២០២៣នេះ បានផ្ញើសារជូនជនរួមជាតិបញ្ឈប់ការវែកញែកវាយប្រហារគ្នា រឿងពាក្យអ្នកមានអ្នកក្រ ដោយសម្តេចតេជោ គូសបញ្ជាក់ថា ការបកស្រាយរបស់អ្នកស្រីឧកញ៉ា តាំង ហ្គិចលៀង ក្នុងគោលដៅល្អដើម្បីមានការផ្លាស់ប្ដូរផ្នត់គំនិត ប៉ុន្តែអ្វីដែលជាការខ្វះចន្លោះគឺស្ថិតបញ្ហាចេះរាបពាក្យដើម្បីនិយាយ។ សម្តេចតេជោ មានប្រសាសន៍ថា ការរាបពាក្យនេះសំខាន់ក្នុងការធ្វើបទឧទ្ទេសនាម បាឋកថា ឫសន្ទរកថា។
ការចេញសាររបស់សម្តេចតេជោធ្វើឡើងក្រោយនៅលើបណ្ដាញសង្គមថ្មីៗផ្អើលរឿងរ៉ាវពាក្យអ្នកមានអ្នកក្រ ដោយអ្នកស្រីឧកញ៉ា តាំង ហ្គិចលៀង ក្នុងកម្មវិធីសិក្ខាសាលាមួយពេលកន្លងទៅ ប៉ុន្តែត្រូវបានអ្នកនិយមលេងបណ្តាញសង្គមកាត់តយកផ្នែកខ្លះបង្ហោះចែកចាយតៗគ្នា ធ្វើឲ្យមានការវែកញែកគ្នា រហូតសាមុីខ្លួនចែករំលែកនូវវីដេអូពេញរបស់អ្នកស្រីបានលើកឡើងកម្មវិធីនោះ។
តាមរយៈបណ្ដាញតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន បានអះអាងថា ប្រទេសកម្ពុជាជាប្រទេសមិនមានការប្រកាន់វណ្ណៈអ្នកមានអ្នកក្រនោះទេ ពិតមែនយើងមានពាក្យអ្នកមានអ្នកក្រ ប៉ុន្តែនៅក្នុងពេលវេលាធ្វើបាឋកថា ឫធ្វើបទបង្ហាញណាមួយ មិនគួរយកពាក្យអ្នកមាននិងអ្នកក្រមកប្រើប្រាស់នៅទីនោះទេ តែគេអាចប្រើពាក្យប្រយោគតាមបែបផ្សេង ដោយសម្តេចតេជោលើកយកពាក្យ ត្រឹមអ្នកមានជីវភាពធូរធា និងជីវភាពទន់ខ្សោយ ដែលគេអាចប្រើពាក្យជំនួស។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា “យើងចង់ការបណ្តុះបណ្តាល ចែករំលែកបទពិសោធន៍របស់ដែលមានជោគជ័យ ហើយយើងក៏ចង់ឲ្យប្រទេសរបស់យើងរីកលូតលាស់ដោយមិនធ្វើតាមររៀប ប៉ុល ពត ដើម្បីកម្ទេចចោលអ្នកមាន ទុកចោរអ្នកក្រ ឲ្យក្រដូចគ្នា…!”។
យ៉ាងណា សម្តេចតេជោ បានណែនាំឲ្យត្រូវខិតខំធ្វើយ៉ាងណាឲ្យអ្នកមានជីវភាពទន់ខ្សោយ ឲ្យមានជីវភាពធូរធារឡើង ដោយសម្តេចលើកឡើងឲ្យសំឡឹងមើលប្រទេសអ្នកមានៗ ដូចជា អង់គ្លេស បារាំង អាល្លឺម៉ង់ អាមេរិក និងប្រទេសដទៃទៀត គឺមិនអាចកាត់ផ្តាច់រវាងអ្នកក្រ និងអ្នកមានបានឡើយ គឺសុទ្ធតែមានជីវភាពទន់ខ្សោយ ធូរធារ និងអ្នកមានដូចគ្នា។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យមនុស្សត្រូវទទួលយកការចែករំលែកចំណេះដឹងដើម្បីអភិវឌ្ឍន៍ខ្លួនឡើង។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យបញ្ឈប់នូវការវែកញែកវាយប្រហារគ្នាដែលគ្មានអ្នកចាញ់ គ្មានអ្នកឈ្នះនេះ ដោយលើកឡើងបន្តថា អ្នកស្រីឧកញ៉ា តាំង ហ្គិចលៀង មានចេតនាល្អក្នុងការចែករំលែកបទពិសោធន៍ទៅដល់អ្នកដែលត្រូវការការយល់ដឹងប៉ុណ្ណោះ៕