សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញសារបន្ថែមលើសារសម្លេងរបស់សម្តេចតេជោនាល្ងាចថ្ងៃសៅរ៍ ទី១ ខែមេសានេះ ដោយសម្តេចបានអំពាវនាវឲ្យបញ្ឈប់ការវែកញែក រឿងពាក្យអ្នកមានអ្នកក្រ។
នាយប់ថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងបណ្តាញសង្គមតេឡេក្រាមយ៉ាងដូច្នេះថា ខ្ញុំសូមបងប្អូនស្តាប់ការបកស្រាយទាំងស្រុងរបស់ក្មួយស្រីតាំង ហ្គិចលៀង ដែលពិតជាមានបំណងល្អក្នុងការចែក
រំលែកនូវបទពិសោធន៍ដែលខ្លួនមានទៅកាន់បងប្អូនដែលចង់យល់ចង់ដឹង។
សម្តេចតេជោបានសរសេរលើកឡើងថា ការយកពាក្យត្រឹមទម្លាប់អ្នកមាននិងទម្លាប់អ្នកក្រដែលអ្នកស្រីឧកញ៉ា តាំង ហ្គិចលៀង បាននិយាយដោយខ្វះការបែងចែកស្ថានភាពខុសគ្នារវាងអ្នកមានទ្រព្យនិងការខុសគ្នារវាងអ្នកមានជីវភាពខ្វះខាតនិងការរៀបពាក្យមិនបានល្អអាចធ្វើឲ្យមានការភ័នច្រឡំថាក្មួយស្រីមើលងាយអ្នកក្រទៅវិញ។
សម្តេចតេជោបញ្ជាក់បន្ថែមអំពាវនាវឲ្យមើលព្រៃទាំងមូលគួបផ្សំជាមួយមើលដើមឈើមួយដើមៗទើបដឹងថាព្រៃស្រោងឬព្រៃរិចរឹល។ សម្តេចតេជោបញ្ជាក់ទៀតថា ការបញ្ជូនសារនេះចេញដើម្បីឲ្យបងប្អូនបានយល់បន្ថែមលើការបកស្រាយរបស់សម្តេចតេជោអំពីបំណងល្អរបស់អ្នកស្រីឧកញ៉ា និងសូមបញ្ចប់ការវាយប្រហារគ្នាតាមបណ្តាញសង្គម៕