លោក សាម អុីន នៅថ្ងៃទី២ ខែមេសានេះបានដាក់លិខិតជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយប្រកាសលាលែងដំណែងប្រធានគណៈកម្មាធិការនាយកស្ដីទី គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ជាផ្លូវការនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។
តាមការបញ្ជាក់លើបណ្ដាញសង្គមតេឡេក្រាម នាល្ងាចថ្ងៃអាទិត្យនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យលោក សាម អុីន ចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងបញ្ជាក់ថា “ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំនឹងស្នើសុំព្រះរាជ្យក្រិត្យតែងតាំងបណ្ឌិតសាម អុីន ជារដ្ឋលេខាធិការក្រសួងបរិស្ថាន ដើម្បីឲ្យស្របតាមជំនាញដែលគាត់មាននិងអាចធ្វើបាន”។
សូមបញ្ជាក់ថា លោក សាម អុីន ក្រៅពីភាសាកំណើតលោកអាចនិយាយភាសាអង់គ្លេស និងអាល្លឺម៉ង់ច្បាស់ គឺជាសហស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
លោក សាម អុីន ធ្លាប់ជាសិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យា ហើយបានជាប់អាហារូបករណ៍ទៅរៀននៅប្រទេសអាល្លឺម៉ង់ផ្នែករុក្ខកម្ម (វិទ្យាសាស្រ្តព្រៃឈើ) នៅឆ្នាំ ១៩៩០។ នៅឆ្នាំ ១៩៩៧ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាដ្រេសដិន [University of Technology Dresden] លោកបានត្រលប់មកស្រុកខ្មែរ និងធ្វើការជាមួយអង្គការអភិវឌ្ឍន៍អាល្លឺម៉ង់ GTZ ចំនួន ១ ឆ្នាំកន្លះ ហើយក៏ត្រលប់ទៅបន្តការសិក្សាចប់ថ្នាក់បណ្ឌិតផ្នែកនយោបាយព្រៃឈើនៅអាល្លឺម៉ង់វិញរហូតដល់ឆ្នាំ ២០០២។
លោក សាម អុីន ធ្លាប់ទទួលពានរង្វាន់ភាពជាអ្នកដឹកនាំអាស៊ានលើវិស័យអភិវឌ្ឍន៍ជនបទ និងកាត់បន្ថយភាពក្រីក្រ ផ្តល់ជូនដោយអគ្គលេខាធិការដ្ឋានអាស៊ាន ខែកក្កដា ឆ្នាំ២០១៣៕