លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយក បុរី វិមានសំណាង កាលពីថ្ងៃអាទិត្យម្សិលមិញ បានប្រកាសបង្កើតពានរង្វាន់បាល់ទាត់មិត្តភាពអន្តរជាតិមួយ ដែលមានឈ្មោះថា «Vimean Samnang Cup 2023» ហើយនឹងត្រូវប្រកួតនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។
បើតាមប្រធានក្រុមហ៊ុន KW Cambodia ទូទាំងប្រទេសរូបនេះ បានឱ្យដឹងថា ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអន្តរជាតិ ដែលនាំមកជូនដោយ បុរី វិមានសំណាង «Vimean Samnang Cup 2023» គឺមានក្រុមចំនួន៤ ចូលរួមប្រកួត ក្នុងនោះមានដូចជា៖ ១.ក្រុមបាល់ទាត់ Khmer United នៅកម្ពុជា ២.ក្រុមបាល់ទាត់ Army Veteran (ទ័ពវ័យចាស់កម្ពុជា) ៣.ក្រុមបាល់ទាត់ Khmer United មកពីវៀតណាម និង ៤.ក្រុមបាល់ទាត់ Cambodia For Christ របស់កូរ៉េខាងត្បូងនៅកម្ពុជា។
ការប្រកួតពានរង្វាន់មិត្តភាពអន្តរជាតិ «Vimean Samnang Cup 2023» នឹងត្រូវធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ នៅទីលានបាល់ទាត់ ACLEDA Institute of Business ដោយប្រើរូបមន្តខ្វែង អ្នកឈ្នះនឹងឡើងទៅជួបអ្នកឈ្នះនៅវគ្គផ្តាច់ព្រ័ត្រតែម្តង ដើម្បីកាត់ក្តីស្វែងរកក្រុមលើកពាន។
គួរបញ្ជាក់ថា លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង តែងតែចូលរួមជួយលើកកម្ពស់វិស័យកីឡានៅកម្ពុជា ជាពិសេសគឺវិស័យបាល់ទាត់។ លោកឧកញ៉ាបណ្ឌិត ក៏ជាអ្នកបង្កើត និងជាអ្នកឧបត្ថម្ភផ្តាច់មុខ ពានរង្វាន់បាល់ទាត់ពាក់កណ្តាលអាជីព KW Cambodia League ដែលពីមុនប្រើឈ្មោះថា Khmer Real Estate League តាំងពីឆ្នាំ២០១២ ផងដែរ។
រីឯក្រុម Khmer United នៅកម្ពុជា ដែលមានលោកឧកញ៉ា គីម ហ៊ាង ជាប្រធានក្រុម និងជាខ្សែប្រយុទ្ធ គឺជាក្រុមមួយដែលមានទម្រង់លេងខ្លាំងគួរឱ្យកត់សម្គាល់ ខណៈដែលកាលចុងខែតុលា ឆ្នាំ២០២២ កន្លងទៅ ក្រុមមួយនេះបានឈ្នះពានរង្វាន់បាល់ទាត់ពាក់កណ្តាលអាជីព KW Cambodia League 2022 បន្ទាប់ពីយកឈ្នះលើក្រុម TN Kandal FC ក្នុងលទ្ធផលដ៏ស្វិតស្វាញ ១-០ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅតារាងបាល់ទាត់វិទ្យាល័យបឹងត្របែក៕