សម្តេចតេជោ ជំរុញឱ្យក្រុមគ្រូពេទ្យ ត្រូវបន្តហ្វឹកហាត់ជាប់ជានិច្ច ចំពោះការប្រើប្រាស់ឧបករណ៍ទំនើបៗ

សង្គម​ និង​សេដ្ឋកិច្ច

មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការហើយ ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នេះ។ទន្ទឹមគ្នានេះ សម្តេចតេជោ ក៏បានជំរុញឱ្យក្រុមគ្រូពេទ្យ ត្រូវបន្តហ្វឹកហាត់ជាប់ជានិច្ច ចំពោះការប្រើប្រាស់ឧបករណ៍ទំនើបៗ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានចាត់ទុកថា សមិទ្ធិផលថ្មីធំស្កឹមស្កៃ លើវិស័យសុខាភិបាលនេះ ជួយកាត់បន្ថយថវិកា និងពេលវេលា ក្នុងការធ្វើដំណើរ និងពិនិត្យព្យាបាល ក្រោមការគិតគូរបំផុតពីសំណាក់ប្រមុខរាជរដ្ឋាភិបាល។មិនតែប៉ុណ្ណោះ សម្តេចបន្តថា មន្ទីរពេទ្យនេះ ក៏នឹងជួយបម្រើសេវាសុខាភិបាលដែលមានបច្ចេកវិទ្យាទំនើបជូនពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាសម្រាប់ខេត្តដែលនៅក្បែរនេះផងដែរ។

ជាមួយគ្នានេះ សម្តេចតេជោ បានបន្តថា ការកសាងមន្ទីរពេទ្យនេះជារឿងលំបាកទៅហើយ ប៉ុន្តែការធានាឱ្យបាននូវនិរន្តរភាព គឺកាន់តែលំបាកទៅទៀត ដូចនេះក្រុមគ្រូពេទ្យ ត្រូវបន្តហ្វឹកហាត់ជាប់ជានិច្ច ចំពោះការប្រើប្រាស់ឧបករណ៍ទំនើបៗ ដើម្បីបម្រើប្រជាពលរដ្ឋដោយមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

ក្រៅពីត្រូវបន្តហ្វឹកហាត់ជាប់ជានិច្ច ចំពោះការប្រើប្រាស់ឧបករណ៍ទំនើបៗហើយនោះ សម្តេចតេជោ ក៏ផ្ដាំឱ្យថែរក្សានូវគុណភាព អនាម័យក្នុងមន្ទីរពេទ្យបង្អែកស្រុកឱ្យបានជាប់លាប់ ខណៈសម្តេចអះអាងថា ការថែរក្សាមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ឱ្យបានល្អ និងបន្តអភិវឌ្ឍធនធានមនុស្សផងដែរ ពិសេសជំរុញដល់អភិវឌ្ឍន៍មន្ទីរពេទ្យឱ្យទាន់សម័យផងដែរ។

សូមបញ្ជាក់ដែរថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មី ដែលនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ មានអគារធំៗចំនួន ២ ដែលបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០កន្លងទៅនេះ ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានទំហំប៉ុនគ្នា កម្ពស់ ៤ ជាន់ ស្មើ ១៥,១០ ម៉ែត្រ រួមមានជាន់ផ្ទាល់ដី ជាន់ទី ១ ជាន់ទី ២ ជាន់ទី ៣។

មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មីនេះ ត្រូវបានសាងសង់ក្នុងទីតាំងមន្ទីរពេទ្យបង្អែកចាស់ និងមានការបំពាក់នូវសម្ភារបរិក្ខារពេទ្យទំនើបៗ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រានី ហ៊ុនសែន ហើយដឹកនាំការសាងសង់ដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។

មន្ទីរពេទ្យនេះសាងសង់ឡើង ដោយបំពាក់ដោយបរិក្ខារទំនើបៗ ដូចជាម៉ាស៊ីន CT Scan ម៉ាស៊ីន X-Ray ឌីជីថល ម៉ាស៊ីនអេកូសាស្ត្រជាដើម៕ អត្ថបទ៖ សែម ពិសី