កូនលោក ថោង ខុន តែងតាំងជារដ្ឋលេខាធិការក្រសួងទេសចរណ៍

សង្គម​ និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ សម្រេចតែងតាំងមុខដំណែងជារដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ ឲ្យលោក ថោង រដ្ឋស័ក្តិ ព្រមទាំងមន្រ្តីចំនួន៣រូបទៀតជារដ្ឋលេខាធិការ និងអគ្គនាយក នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣២៣/៥៣២ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងព្រះរាជក្រឹត្យ១ទំព័រ ឡាយព្រះហស្តលេខាដោយអង្គព្រះមហាក្សត្រ សម្រេចតែងតាំងមុខដំណែងជារដ្ឋលេខាធិការ និងអគ្គនាយកនៃក្រសួងទេសចរណ៍ចំនួន ៤រូបគឺលោក ណេប សាមុត, លោក ថោង រដ្ឋស័ក្តិ, លោក អាំង សុវណ្ណរ័ត្ន និងលោក ជុក ជំនោរ តាមសំណើររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក ណេប សាមុត ផ្តល់មុខដំណែងជារដ្ឋលេខាធិការធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ជាអគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាប្រធានក្រុមការងារដើម្បីសិក្សានិងរៀបចំផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍។

លោក ថោង រដ្ឋស័ក្តិ ជារដ្ឋលេខាធិការ បច្ចុប្បន្នជាអគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ជាកូនប្រុសបង្កើតលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោក អាំង សុវណ្ណរ័ត្ន តែងតាំងជាអគ្គនាយក នៃនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បច្ចុប្បន្នជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ និងនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ៤.០។

ចំណែកលោក ជុក ជំនោរ ត្រូវបានតែងតាំងជាអគ្គនាយក នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បច្ចុប្បន្នជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍៕