សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ មានសមត្ថភាពអាចផលិតអុកស៊ីសែនបានដោយខ្លួនឯង និងផលិតបានក្នុងចំនួនច្រើនថែមទៀត។ ការថ្លែងបែបនេះរបស់សម្តេចតេជោ បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ មានប្រសាសន៍បន្តថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ គឺជាមន្ទីរពេទ្យដ៏ធំមួយនៅ ក្នុងតំបន់ ដែលអាចនិយាយថា ធំជាងមន្ទីរពេទ្យមួយចំនួននៅរាជធានីភ្នំពេញទៅទៀត ដែលងាច ដាក់ គ្រែអ្នកជំងឺបានជាង ៤០០គ្រែ និងមានសម្ព័ន្ធភាពជាច្រើនជាមួយមន្ទីរពេទ្យធំៗ និងឯកទេសជាច្រើន។
លើសពីនោះ សម្តេចតេជោ បានបញ្ជាក់ថា មន្ទីរពេទ្យនេះមាន សមត្ថភាពផលិតអុកស៊ីសែនបាន ដោយខ្លួនឯងក្នុង ចំនួនច្រើន ដើម្បីផ្តល់ជូនដល់អ្នកជំងឺ និងបែកចែងទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យនានាផងដែរ។
ជាមួយគ្នានោះ ប្រមុខរដ្ឋាភិបាល បានគូសបញ្ជាក់ទៀតថា មន្ទីរពេទ្យធំ សម្ភារៈបរិក្ខាទំនើបហើយ តែអ្វីដែលសំខាន់នោះ គឺនិរន្តរភាពរបស់មន្ទីរពេទ្យ ដោយក្រុមគ្រូពេទ្យទាំងអស់ត្រូវចំណេះជំនាញ ច្បាស់លាស់ និងមានក្រមសីលធម៌ខ្ពស់សម្រាប់អ្នកជំងឺ។
ទន្ទឹមនឹងនោះ សម្តេចតេជោ បានណែនាំ និងជំរុញដល់គ្រូពេទ្យបន្តពង្រឹងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងសមត្ថភាព ជាពិសេសពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាទំនើបៗសម្រួលដល់ការព្យាបាល អ្នកជំងឺ។
សូមជម្រាបថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មីនេះ មានតម្លៃប្រមាណ១.៤លានដុល្លារ មានអគារធំៗ ចំនួន ២ ដែលបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២០ ស្ថិតនៅ ភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានទំហំប៉ុនគ្នា កម្ពស់ ៤ ជាន់ ស្មើ ១៥,១០ ម៉ែត្រ រួមមានជាន់ផ្ទាល់ដី ជាន់ទី ១ ជាន់ទី ២ ជាន់ទី ៣។
មន្ទីរពេទ្យបង្អែកថ្មីនេះ ត្រូវបានសាងសង់ក្នុងទីតាំងមន្ទីរពេទ្យបង្អែកចាស់ និងមានការបំពាក់នូវសម្ភារៈ បរិក្ខារពេទ្យទំនើបៗ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ ដោយដឹកនាំការសាងសង់ដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ៕