ថ្មីៗនេះ មានប្រភពធំៗជាច្រើន បានចុះផ្សាយថា ស្ថាបនិករបស់ក្រុមហ៊ុន Tesla លោក Elon Musk គ្រោងនឹងធ្វើដំណើរទៅទស្សនកិច្ចនៅឯប្រទេសចិន ក្នុងអំឡុងខែមេសានេះ ហើយសង្ឃឹមថាអាចនឹងបានជួបជាមួយនាយករដ្ឋមន្ត្រីចិនថ្មី លោក Li Qiang ផងដែរ ។
បើតាមការចុះផ្សាយពី Reuters បានបង្ហាញថា ពេលវេលាពិតប្រាកដណាមួយនៃដំណើរទស្សនកិច្ចនេះ គឺអាស្រ័យទៅលើពេលវេលាទំនេររបស់ លោក Li Qiang ប៉ុណ្ណោះ ស្របពេលខាង Tesla និងការិយាល័យមានក្រុមប្រឹក្សារដ្ឋចិន មិនទាន់ធ្វើការឆ្លើយតបជាក់លាក់ណាមួយ ជុំវិញទស្សនកិច្ចនេះ នោះឡើយ ។
គួរឱ្យដឹងថា ប្រទេសចិន គឺជាទីផ្សារដ៏ធំបំផុតទី ២ របស់ក្រុមហ៊ុន Tesla បន្ទាប់ពីសហរដ្ឋអាមេរិក ខណ:រោងចក្រ ដែលស្ថិតនៅទីក្រុងសៀងហៃ ក៏ត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីដ៏ធំ និងសំខាន់បំផុត របស់ក្រុមហ៊ុនរថយន្តអគ្គិសនីខ្នាតយក្សមួយនេះ ផងដែរ ។
យ៉ាងណាមិញ ប្រសិនបើដំណើរទស្សនកិច្ចរបស់លោក Musk អាចនឹងកើតឡើងមែននោះ វានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់មហាសេដ្ឋីអាមេរិករូបនេះ ទៅកាន់ប្រទេសចិន ចាប់តាំងពីមានជំងឺរាតត្បាតកូវីដ-១៩ មក ហើយវាក៏ជាលើកដំបូងផងដែរ មុនពេលលោក ស៊ី ជិនពីង ទទួលបានអាណត្តិជាប្រធានាធិបតីលើកទី ៣ របស់ខ្លួន ។
គួររំលឹកផងដែរថា លោក Musk បានទៅកាន់ប្រទេសចិន លើកចុងក្រោយបង្អស់ នៅដើមឆ្នាំ ២០២០ នៅដែលលោកបានទៅចូលរួមក្នុងកម្មវិធីបើកសម្ពោធរោងចក្រក្រុមហ៊ុន Tesla របស់ខ្លួន នៅក្នុងទីក្រុងសៀងហៃ ខណ:ពេលដែលលោក Li Qiang នៅជាលេខាបក្សប្រចាំទីក្រុងនោះនៅឡើយ ។
ជម្រាបជូនផងដែរថា ដំណើរទស្សនកិច្ច ដែលបានគ្រោងទុករបស់លោក Musk នេះ ត្រូវបានគេរំពឹងថា អាចនឹងកើតមានឡើងពិតប្រាកដមែន នៅពេលដែលប្រទេសចិន កំពុងតែព្យាយាមទាក់ទាញការវិនិយោគពីបរទេសបន្ថែមទៀត ដើម្បីជួយពង្រឹងសេដ្ឋកិច្ច ដែលទទួលរងគ្រោះដោយសារតែការទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏តឹងរ៉ឹងបំផុត អស់រយៈពេលបីឆ្នាំកន្លងមកនេះ ៕