រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើទៅក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ដែលជាក្រុមហ៊ុនខាងផលិតកម្ម និងអាជីកម្មជ្រូកដ៏ធំមួយនៅកម្ពុជា ឱ្យបង្កើនវិសាលភាពនៃការប្រមូលទិញជ្រូកពីកសិដ្ឋានក្នុងស្រុកឱ្យកាន់តែច្រើនថែមទៀត។ ការស្នើនេះ បានធ្វើឡើងតាមរយៈដំណើរទស្សនកិច្ចនៅសត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិតចំណីអាហារ របស់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ដែលមានទីតាំងនៅភូមិឈើទាល ឃុំជំពូវ័ន ស្រុកជុំគិរី ខេត្តកំពត កាលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣។
ក្នុងដំណើរទស្សនកិច្ចនោះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាសន្ទនាជាមួយ លោក ម៉ម ប៊ុននាង ,លោក គង់ សារាជ និងតំណាងក្រុមហ៊ុនស៊ី.ភី. អំពីតួនាទីរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការតាមដានជាប្រចាំនូវថ្លៃទំនិញសាច់ជ្រូកលក់នៅលើទីផ្សារ និងរៀបចំរបាយការណ៍ស្តីពីស្តុកសន្និធិស្បៀងត្រៀមបម្រុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងសភាពការណ៍ថ្លៃទំនិញសំខាន់ៗដទៃចាំបាច់ប្រចាំជីវភាពដែលបានប្រមូលពីទីផ្សាររាជធានី-ខេត្ត។
ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានពិភាក្សាពីសក្តានុពលនៃការវិនិយោគលើប្រតិបត្តិការផលិតកម្ម និងអាជីកម្មជ្រូករបស់ក្រុមហ៊ុនស៊ី.ភី ក្នុងការធ្វើឱ្យមានតុល្យភាពនៃសេចក្តីត្រូវការនៃផលិតផលសាច់ជ្រូកក្នុងស្រុកជាមួយផលិតកម្មក្នុងស្រុក ព្រមទាំងពង្រឹងសុវត្ថិភាពចំណីអាហារ និងប្រមូលទិញកសិផលមួយចំនួនសម្រាប់ធ្វើជាចំណីសត្វ ដូចជា ពោតក្រហម ដំឡូងមី កន្ទក់ កញ្ចុងអង្ករ និងស្រូវ ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានណែនាំដល់ក្រុមហ៊ុន នូវអនុសាសន៍សំខាន់ៗមួយចំនួន រួមមាន៖ បង្កើនវិសាលភាពនៃការប្រមូលទិញជ្រូកពីកសិដ្ឋានក្នុងស្រុក ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើទំនួលខុសត្រូវសង្គមរបស់សាជីវកម្មថែមទៀត ខណៈក្រុមហ៊ុនក៏ត្រូវបន្តចូលរួមយ៉ាងសកម្មជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការបង្កើនវិសាលភាពនៃការប្រមូលទិញធាតុចូលកសិកម្មរបស់កសិករក្នុងស្រុក សម្រាប់ផលិតជាចំណីសត្វផ្សេងៗបង្កើនគុណភាពចំណីសត្វឱ្យស្របតាមស្តង់ដារអន្តរជាតិសម្រាប់ការកែទម្រង់ផលិតកម្មសត្វក្នុងស្រុក ឱ្យមានគុណភាព និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ។
គួរបញ្ជាក់ដែរថា ក្រៅពីស្នើឱ្យក្រុមហ៊ុនខាងលើបង្កើនវិសាលភាពនៃការប្រមូលទិញជ្រូកពីកសិដ្ឋានក្នុងស្រុកហើយនោះ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានស្នើឱ្យក្រុមហ៊ុននេះ បង្កើនសមត្ថភាពផ្គត់ផ្គង់របស់ផលិតករក្នុងស្រុកនៅពេលពួកគេប្រើប្រាស់ចំណីសត្វដែលមានគុណភាព និងតម្លៃសមរម្យ ដែលអាចពង្រីកលទ្ធភាពនៃការជ្រៀតចូលទីផ្សារក្នុងនិងក្រៅប្រទេស ឱ្យបានកាន់តែទូលំទូលាយ ព្រមទាំងបន្តបង្កើនសហប្រតិបត្តិការឱ្យបានពេញលេញជាមួយមន្ទីរពាណិជ្ជកម្មនៅតាមខេត្តគោលដៅ ដើម្បីរៀបចំផែនការប្រមូលទិញធាតុចូលកសិកម្មសម្រាប់ចំណីសត្វ ព្រមទាំងតាមដាន និងទប់ស្កាត់ការធ្លាក់ថ្លៃតម្លៃនៃផលិតផលកសិកម្មនានា៕
អត្ថបទ៖ ពិសី