លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia ទូទាំងប្រទេស យល់ឃើញថា នៅមុនពេលសាងសង់ ឬពេលកំពុងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត តម្លៃដីនៅតាមបណ្តោយគម្រោងផ្លូវនេះ នឹងមានការឡើងថ្លៃ ប៉ុន្តែនៅពេលដែលផ្លូវនេះសាងសង់រួចរាល់ នោះតម្លៃនឹងនៅទ្រឹងវិញ។
អគ្គនាយក បុរី វិមានសំណាង និងជាអ្នកជំនាញអចលនទ្រព្យជាង២០ឆ្នាំរូបនេះ បានលើកឡើង កាលពីសប្តាហ៍មុនថា តម្លៃដីនៅតាមបណ្ដោយផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដែលគ្រោងសាងសង់នេះ នឹងឡើងថ្លៃមុនការសាងសង់ និងពេលកំពុងសាងសង់ ប៉ុន្តែតម្លៃនឹងនៅទ្រឹងវិញ នៅពេលផ្លូវសាងសង់រួចរាល់។
លោកឧកញ៉ាបណ្ឌិត បានបន្តថា គ្រាន់តែព័ត៌មានថា មានផ្លូវល្បឿនលឿនសាងសង់កាត់ដំបន់មួយចំនួន បានធ្វើឱ្យតម្លៃដីនៅតំបន់នោះ ហាក់ឡើងថ្លៃខុសពីធម្មតាទៅហើយ។ លោកឧកញ៉ា បន្តថា ប្រសិនបើផ្លូវនោះប្រើរយៈពេលសាងសង់ចន្លោះពី ២ ទៅ៣ឆ្នាំ គឺជាពេលមួយ ដែលដីនៅតាមបណ្ដោយផ្លូវនោះឡើងថ្លៃ ប៉ុន្តែនៅពេលផ្លូវនោះបានសាងសង់រួចរាល់ តម្លៃដីនឹងនៅទ្រឹងវិញ។
ឧកញ៉ា គីម ហ៊ាង បានបន្ថែមយ៉ាងដូច្នេះថា៖ “វារឿងចម្លែកសម្រាប់នៅកម្ពុជា ដែលតម្លៃដីស្របផ្លូវល្បឿនលឿនឡើងថ្លៃ ប៉ុន្តែសម្រាប់ប្រទេសជាច្រើនលើលោក គឺមិនដូចកម្ពុជានោះទេ ព្រោះផ្លូវល្បឿនលឿនគឺមិនមានកន្លែងចេញចូលច្រើនទេ ហើយដីដែលល្អ និងត្រូវមានតម្លៃថ្លៃ គឺមានតែដីដែលនៅតំបន់ ដែលមានច្រកចេញពីផ្លូវល្បឿនលឿនតែប៉ុណ្ណោះ។ យ៉ាងណាក្តី ប្រសិនបើផ្លូវល្បឿនលឿនភ្នំពេញ បាវិតនេះ សាងសង់រួច គឺជួយដល់សេដ្ឋកិច្ចកម្ពុជាជាច្រើន ជាពិសេសគឺការដឹកជញ្ជូនទំនិញចេញចូលកម្ពុជា វៀតណាម”។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) បានចុះកិច្ចព្រមព្រៀង គ្រោងនឹងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-បាវិត មានចម្ងាយ ១៣៨គីឡូម៉ែត្រ គម្រោងចំណាយថវិកាសាងសង់ប្រហែលជិត ២ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣នេះ និងគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។
ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាគម្រោងផ្លូវល្បឿនលឿនទី ២ ហើយ ក្នុងប្រទេសកម្ពុជា បន្ទាប់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ខណៈផ្លូវនេះ គឺជាផ្លូវថ្មីទាំងស្រុង ហើយដែលត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ។ ផ្លូវមួយខ្សែនេះ នឹងចាប់ផ្ដើមចេញពីរាជធានីភ្នំពេញនៅចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្ត កណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាមតែម្ដង៕