រុស្ស៊ី៖ លោកខាងលិចព្យាយាម ចង់បំបែកបំបាក់ចំណងមិត្តភាពចិន-រុស្ស៊ី

អន្តរជាតិ

លោកខាងលិចកំពុងព្យាយាមចង់ញុះញង់​ឲ្យ​មិត្តភាពត្បូងពេជ្រ​រវាង​ចិន និងរុស្ស៊ី ដោយចង់ដាក់​គំនាបឲ្យចិន​ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី។ នេះបើតាមសម្ដីរបស់រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergei Lavrov បាននិយាយកាលពីថ្ងៃអង្គារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ឥស្សរជនជាន់ខ្ពស់រូបនេះបានបង្ហើបថា ចំណងមិត្តភាពរវាងចិន និងរុស្ស៊ីមិនងាយ​បែកបាក់ឡើយ ពោលគ្រាន់តែការជួបជជែករវាងថ្នាក់ដឹកនាំកំពូល វ៉្លាឌីមៀរ ពូទីន និងស៊ី ជិនពីង គឺមានរយៈពេលដល់ទៅ ១០ម៉ោង ហើយផ្លែផ្កានៃការជជែកគ្នានោះគឺ ពង្រឹងពីទំនាក់ទំនងភាព​ជាដៃគូ​យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពត្បូងពេជ្រ​នាយុគសម័យថ្មី។

លោក Lavrov ក៏បានបង្ហើបដែរថា ​អស់រយៈពេលជាយូរណាស់មកហើយ ប្រទេសមួយចំនួន​មាន​ភាពច្រណែន​នឹង ចំណងមិត្តភាពដ៏រឹងមាំ​រវាងចិន និងរុស្ស៊ី និងព្យាយាមបំប៉ោង​ព័ត៌មាន​ដើម្បី​ឲ្យ​មិត្តភាព​រវាង​មហាអំណាចទាំង ២ មានការប្រេះស្រាំ។

“ពួកយើងបានមើលឃើញពីគោលបំណងមិនល្អ ចំពោះភាពជោគជ័យរបស់ពួកយើង ដូចជាព្យាយាមបំបែកបំបាក់​ចំណងមិត្តភាពរវាង​ក្រុងមូស្គូ និងក្រុងប៉េកាំង”។ នេះបើតាមសម្ដីរបស់​លោក Lavrov។

សូមជម្រាបដែរថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីម្នាក់នេះបាន​សង្កត់ធ្ងន់ថា ទំនាក់ទំនងមិនល្អរវាង​ EU និងរុស្ស៊ី គឺជាកំហុសរបស់ពួកគេ ដ្បិតសហភាពអឺរ៉ុបគាំទ្រដល់អ៊ុយក្រែន ចំពោះការផ្គត់ផ្គង់ “របបឧក្រិដ្ឋកម្ម” នៅក្រុងគៀវ ជាមួយនឹងអាវុធនិងការណែនាំផ្សេងៗ៕