សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយល់ព្រមផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ធ្វើជាប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជា។ នេះបើតាមលិខិតលេខ ៣៤៩ សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។
ជាមួយគ្នានេះ តាមរយៈលិខិតលេខ៣៥០ សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃដូចគ្នា បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបានយល់ព្រមដូចខាងក្រោម៖
១. ទទួលស្គាល់សមាគមឧកញ៉ាកម្ពុជា ជាស្ថាប័នឯកជនតែមួយគត់ ដែលតំណាងឱ្យបុគ្គល ដែលទទួលបានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជា។
២. ផ្តល់នូវការទទួលស្គាល់មួយកម្រិតទៀតជាផ្លូវការរបស់រាជរដ្ឋាភិបាល ដោយផ្តោតជាសំខាន់លើភាពជាដៃគូរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
៣. សមាគមឧកញ៉ាកម្ពុជា ស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជា។
៤. អនុញ្ញាតឱ្យសមាគមឧកញ៉ាកម្ពុជា ចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងបេសកកម្មមួយចំនួនទាំងក្នុង និងក្រៅប្រទេស ដែលជំរុញលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបជូនថា សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០២២ ក្នុងគោលបំណងលើកកម្ពស់គុណតម្លៃ នៃគោរមងារឧកញ៉ា និងធានាបាននូវសេចក្តីថ្លៃថ្នូរ សីលធម៌ និងសាមគ្គីភាពរឹងមាំរបស់ឧកញ៉ា ដើម្បីជាមូលដ្ឋានក្នុងការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅចូលរួមកសាង និងអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយយុទ្ធសាស្ដ្រចតុកោណ ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ជាពិសេសសកម្មភាពសង្គមកិច្ច មនុស្សធម៌ និងសប្បុរសធម៌ ដើម្បីធានាបាននូវភាពសុខសាន្ត សុខដុមនីយកម្ម និងការរីកចម្រើនរបស់ប្រជាជនកម្ពុជា ប្រកបដោយចីរភាព និងបរិយាបន្ន។ សមាគមឧកញ៉ាកម្ពុជា បច្ចុប្បន្នមានអគ្គនាយកក្រុមហ៊ុន LYP Group អ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន និងមានសមាសភាពក្រុមប្រឹក្សាភិបាលសរុបចំនួន ៣២រូប៕