លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មខេត្តឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួម ពីប្រធាន អនុប្រធាន និងសមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តទាំង១៧ នៅទូទាំងប្រទេស នៅសភាពាណិជ្ជកម្មកម្ពុជា កាលពីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។
កិច្ចប្រជុំបូកសរុបការងារដ៏សំខាន់នេះ មានគោលបំណងជជែកពិភាក្សាគ្នាលើផែនការ ការងារប្រចាំឆ្នាំដែលបានអនុវត្តរួច និងស្វែងរកដំណោះស្រាយបញ្ហាប្រឈមនានាដែលសភាពាណិជ្ជកម្មខេត្តជួបប្រទះ និងដាក់ចេញទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៣។ នៅក្នុងកិច្ចពិភាក្សានេះឧកញ៉ា លឹម ហេង បានផ្ដល់អនុសាសន៍ និងការឆ្លើយតបការងារមួយចំនួន ហើយមួយចំនួនទៀតនឹងដាក់ជូនអ្នកឧកញ៉ាប្រធានជាអ្នកសម្រេច។
លោកឧកញ៉ា លឹម ហេង បានបន្តថា កិច្ចប្រជុំប្រចាំឆ្នាំរបស់សភាពាណិជ្ជកម្មខេត្ត ដែលត្រូវបន្តការអនុវត្តន៍ការងារដោះស្រាយនេះនៅមានច្រើនណាស់ ជាពិសេសសភាពាណិជ្ជកម្មកម្ពុជាសព្វថ្ងៃនេះ មិនមែនមានតែនៅក្នុងក្របខណ្ឌជាតិប៉ុណ្ណោះទេ ប៉ុន្តែយើងមាននៅក្នុងក្របខណ្ឌអន្តរជាតិថែមទៀត ដែលមានការិយាល័យតំណាងនៅឯក្រៅប្រទេស ដូចជានៅកាណាដា ជប៉ុន និងនៅខែឧសភាខាងមុខនេះ នឹងមានអូស្ត្រាលីផងដែរ។
សូមជម្រាបជូនថា មកដល់បច្ចុប្បន្ននេះ ក្រសួងពាណិជ្ជកម្មបានសម្របសម្រួល បង្កើតបានសភាពាណិជ្ជកម្មរាជធានី-ខេត្តចំនួន១៨ ហើយ (រាជធានីភ្នំពេញ១ ខេត្ត១៧)។ សភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាសភាពាណិជ្ជកម្មរាជធានី-ខេត្ត បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការផ្តល់ព័ត៌មានពាក់ព័ន្ធទៅនឹងការធ្វើធុរកិច្ច ការវិនិយោគនានានៅកម្ពុជា និងព័ត៌មាន បច្ចុប្បន្នភាពស្តីពីច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធទៅនឹងវិស័យពាណិជ្ជកម្ម និងព្រឹត្តិការណ៍ធុរកិច្ចជាទៀងទាត់ជូន ដល់ក្រុមហ៊ុនអាជីវករ និងវិនិយោគគិនខ្មែរ និងបរទេស។
ជាពិសេសសភាពាណិជ្ជកម្ម គឺជាស្ថាប័នតំណាងឱ្យវិស័យឯកជន និងជាដៃគូរបស់រាជរដ្ឋាភិបាល ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងកាត់បន្ថយភាពក្រីក្រ តាមរយៈការធ្វើធុរៈកិច្ចពាណិជ្ជកម្មក្នុងប្រទេស និងទាក់ទាញវិនិយោគិនពីបរទេស ឱ្យមកវិនិយោគនៅកម្ពុជាផងដែរ៕