ភ្នំពេញ៖ កញ្ញាឯកធម្មជាតិឆ្នាំ ២០១៧ស្រីស្អាត ទេព ម៉ាយ៉ាដែលល្បីមានមុខមាត់ស្រដៀងនឹងជំទាវ ស្រីតូច ចំណាន បច្ចុប្បន្នត្រូវបានគេដឹងថា កំពុងតែរស់នៅយ៉ាងមានក្ដីសុខ បន្ទាប់ពីរៀបការ ជាមួយស្វាមី ដែលមានងារជាឯកឧត្ដមមក។
នាងត្រូវបានគេដឹងថា មានជំនួញក្នុងដៃយ៉ាងតិច៣ក្រុមហ៊ុន ហើយអ្វីដែលជាការកោតសរសើរនោះ ស្ត្រីរូបស្រស់សោភាពូកែខាងរកស៊ីរូបនេះ ផ្ដើមពីដើមទុនត្រឹមតែ១៣០ ដុល្លារ ប៉ុណ្ណោះ តស៊ូព្យាយាមអាចបង្កើតទុនរាប់ម៉ឺនដុល្លារក្នុងដៃ។
ជាកូនស្រីច្បងក្នុងចំណោមបងប្អូនបង្កើត២នាក់ ទេព ម៉ាយ៉ា គឺជាក្មេងស្រីម្នាក់ ដែលមានការតស៊ូតាំងពីដឹងក្ដី ត្បិតនាងកើតក្នុងត្រកូលគ្រួសារមានជីវភាពក្រីក្រមួយក្នុងខេត្តកំពង់ឆ្នាំង ដោយឪពុកបានស្លាប់ចោលជាច្រើនឆ្នាំមកហើយ។
ទោះបីជាគ្រួសារ មិនមានជីវភាពប្រសើរ ដោយយល់ឃើញថា ចំណេះវិជ្ជា គឺជារឿងសំខាន់ ទេព ម៉ាយ៉ា បានព្យាយាមសិក្សា រហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់។ ទន្ទឹមនឹងគ្នានោះដែរ នាងក៏បានចូលរៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដោយសារតែស្រលាញ់សិល្បៈតាំងពីកំណើត។
នៅឆ្នាំ ២០១៧ នាងបានប្រឡងជាប់ជាកញ្ញាឯកធម្មជាតិ ហើយបន្ទាប់មក ក៏ចាប់ផ្ដើមមហាជនស្គាល់ជាបន្តបន្ទាប់ ដោយសារតែមានមុខមាត់ស្រដៀងនឹងជំទាវ ស្រីតូច ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង។ ក្រោយពីជាប់ជាកញ្ញាឯកធម្មជាតិ ការងារសិល្បៈរបស់នាង ហាក់មិនសូវជាមានច្រើនឡើយ ភាគច្រើនបានត្រឹមតែថតស្ប៉តពាណិជ្ជកម្ម និងសំអាងការប៉ុណ្ណោះ។ ប៉ុន្តែទោះយ៉ាងណា ស្រីស្អាតរូបនេះ បែរជាល្បីខាងរកស៊ីទៅវិញ។
ការរកស៊ីរបស់នាង ផ្តោតសំខាន់លើមុខជំនួញគ្រឿងសាឡន ដោយផ្តើមពីដើមទុនដំបូងរបស់នាង មានត្រឹមតែ១៣០ ដុល្លារប៉ុណ្ណោះ។ ដោយនៅក្មេងខ្ចី ទេព ម៉ាយ៉ា ប្រាប់ថា ការចេញរកស៊ីដំបូង បានប្រឈមនឹងបញ្ហាច្រើនណាស់ ដួចជា ខ្វះទុន ការជួយជ្រោមជ្រែងពីគ្រួសារជាដើម។
” ខ្ញុំដួលមិនក្រោម១០ ដងឡើយ ព្រោះយើងខ្វះដើមទុន ខ្វះអ្នកជួយជ្រោមជ្រែង តែខ្ញុំនៅតែតស៊ូ ដោយប្រាប់ខ្លួនឯងថា ត្រូវតែរឹងមាំ ធ្វើការផងរកស៊ីផង ” ។ នេះជាការបញ្ជាក់របស់ទេព ម៉ាយ៉ា។
អ្នកនាង ទេព ម៉ាយ៉ា ចាប់ផ្ដើមរីកចម្រើននៅពេលដែលស្គាល់ស្វាមីរបស់នាង ដែលដំបូងឡើយ ស្វាមីមិនទាន់ទទួលងារជាឯកឧត្ដមនៅឡើយ។ ពួកគេបានចេញមុខរកស៊ីជាមួយគ្នា ដោយបើកហាងសាឡនមួយ។ រយៈពេល៣ឆ្នាំក្រោយស្គាល់ចិត្តថ្លើមគ្នាច្បាស់ ពួកគេក៏សម្រេចចិត្តចូលរោងការជាមួយ ស្របពេលដែលស្វាមីលោក បុត្រ រំដួលរង្សី ទើបតែទទួលងារជាឯកឧត្ដម បម្រើការនៅស្ថាប័នធំមួយ។
ក្រោមការតស៊ូ ព្យាយាមហើយមានស្វាមីល្អផងនោះ បច្ចុប្បន្ន ទេព ម៉ាយ៉ា មានក្រុមហ៊ុនក្នុងដៃយ៉ាងតិច៣ ក្នុងនោះមានដូចជា ទី១/ក្រុមហ៊ុនប្រេន គ្រឿងសម្អាង ទី/២ ក្រុមហ៊ុន មេឌាផលិតកុន និងទី/៣ ក្រុមហ៊ុនអចលនទ្រព្យជាមួយដៃគូ ផ្ដោតលើផ្ទះល្វែងនឹងដីឡូតិ៍ជាដើម ដែលបច្ចុប្បន្ននាងកំពុងតែមមាញឹកជាខ្លាំងលើ មុខជំនួញទាំងនោះ៕