ឥណ្ឌូនេស៊ី ត្រៀមនាំចូលស៊ុតមាន់ ទៅកាន់សិង្ហបុរីជាលើកដំបូង ដើម្បីបំពេញតម្រូវការ

អន្តរជាតិ

ថ្មីៗនេះ ទីភ្នាក់ងារចំណីអាហារសិង្ហបុរី (EFA) បានធ្វើការប្រកាសថា ប្រទេសរបស់ខ្លួនបានអនុម័តទៅលើផែនការ ក្នុងការនាំចូលស៊ុតមាន់ ពីប្រទេសឥណ្ឌូនេស៊ី ជាលើកដំបូង ដើម្បីបំពេញតម្រូវការជាតិបន្ថែម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីភ្នាក់ងារនេះ បានរាយការណ៍ទៀតថា ជាមួយនឹងការដាក់បញ្ចូលឥណ្ឌូនេស៊ីបន្ថែមមួយទៀត បានធ្វើឱ្យចំនួនប្រទេស និងតំបន់ ដែលត្រូវបានទទួលស្គាល់ក្នុងការនាំចេញស៊ុតមាន់ មកកាន់ប្រទេសសិង្ហបុរី កើនឡើងដល់ចំនួន ១៨ ហើយ ពីចំនួន ១២ នៅក្នុងឆ្នាំ ២០១៩ ។

លើសពីនេះ រដ្ឋមន្ត្រីក្រសួងនិរន្តរភាព និងបរិស្ថានសិង្ហបុរី លោកស្រី Grace Fu បាននិយាយថា ការបើកចំហ និងសម្របខ្លួនទៅនឹងប្រភពនាំចូលស្បៀងអាហារថ្មីៗ ដូចជាការនាំចូលស៊ុតមាន់ពីឥណ្ឌូនេស៊ី គឺជាការបោះជំហានមួយទៀត ឆ្ពោះទៅរកការកសាងភាពធន់ ចំពោះការផ្គង់ផ្គង់អាហាររបស់សិង្ហបុរីបន្ថែមទៀត ។

លោកស្រី Grace បន្ថែមឱ្យដឹងទៀតថា ខណ:ពេលដែលសិង្ហបុរី នៅតែព្យាយាមបន្តពង្រឹងសន្តិសុខស្បៀងអាហាររបស់ខ្លួននោះ ដូច្នេះវាមានន័យថា គ្មានប្រទេសណាមួយ អាចនឹងចៀសផុតពីភាពមិនប្រាកដប្រជាទៅលើវិបត្តិស្បៀងអាហាររបស់ពិភពលោកបាននោះឡើយ ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីរូបនេះ ក៏បានលើកឡើងអំពីកង្វះខាតទៅលើការផ្គត់ផ្គង់ស៊ុត នៅទូទាំងពិភពលោកផងដែរ ដោយសារជំងឺគ្រុនផ្តាសាយបក្សី បញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ និងការកើនឡើងថ្លៃដើមចំណីមាន់ជាដើម ។ ដូច្នេះហើយ ទើបលោកស្រី បានកត់ស្គាល់ថា ប្រជាជនសិង្ហបុរី គួរតែធ្វើការបត់បែនជាមួយនឹងជម្រើសអាហារ និងគ្រឿងផ្សំ ដើម្បីអាចសម្របខ្លួនទៅនឹងរបបអាហារថ្មីៗ៕