អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាភិបាល សមាជិក សមាជិកា ចូលជួបសម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសដែលសម្ដេចតេជោ ផ្ដល់កិត្តិយស ជាប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជា នៅភូមិគ្រឹះក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ឆ្លៀតក្នុងឱកាសដ៏ប្រពៃនោះដែរ អ្នកឧកញ៉ា លី យ៉ុងផាត់ រួមទាំងថ្នាក់ដឹកនាំនិងសមាជិក នៃសមគមឧកញ៉ាកម្ពុជា ក៏សូមគោរពជូនពរសម្ដេចប្រមុខរាជរដ្ឋាភិបាល ក្នុងឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិខ្មែរខាងមុខនេះផងដែរ។
ក្នុងជំនួបនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យឧកញ៉ាទាំងអស់ត្រូវពង្រឹងសាមគ្គីភាពរួមគ្នាជួយដល់កិច្ចការសង្គមធ្វើសកម្មភាពមនុស្សធម៌និងចេះជួយដល់ការលំបាករបស់ប្រជាពលរដ្ឋ។
សម្តេចតេជោបានរំលឹកយ៉ាងដូច្នេះថា ការរស់នៅក្នុងសង្គមមួយមិនអាចកាតផ្តាច់គ្នានោះឡើយរវាងអ្នកមាននិងអ្នកខ្សត់ខ្សោយ គឺត្រូវចេះយកអាសាគ្នាដូចពាក្យចាស់បុរា ណទូន្មានថា«អ្នកមានរក្សាខ្សត់ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញារក្សាខ្លៅដូចសំពៅពឹង សំប៉ា ” ។
បន្ថែមទៀតនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍និងការណែនាំមួយចំនួនដល់សមាគមឧកញ៉ាកម្ពុជាធ្វើយ៉ាងណាចូលរួមចំណែកជាមួយរាជរដ្ឋាភិបា លក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមពិសេ សការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
សូមជម្រាបជូនថា សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០២២ ក្នុងគោលបំណងលើកកម្ពស់គុណតម្លៃ នៃគោរមងារឧកញ៉ា និងធានាបាននូវសេចក្តីថ្លៃថ្នូរ សីលធម៌ និងសាមគ្គីភាពរឹងមាំរបស់ឧកញ៉ា ដើម្បីជាមូលដ្ឋានក្នុងការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅចូលរួមកសាង និងអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយយុទ្ធសាស្ដ្រចតុកោណ ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ជាពិសេសសកម្មភាពសង្គមកិច្ច មនុស្សធម៌ និងសប្បុរសធម៌ ដើម្បីធានាបាននូវភាពសុខសាន្ត សុខដុមនីយកម្ម និងការរីកចម្រើនរបស់ប្រជាជនកម្ពុជា ប្រកបដោយចីរភាព និងបរិយាបន្ន។ សមាគមឧកញ៉ាកម្ពុជា បច្ចុប្បន្នមានអគ្គនាយកក្រុមហ៊ុន LYP Group អ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន និងមានសមាសភាពក្រុមប្រឹក្សាភិបាលសរុបចំនួន ៣២រូប៕