នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាភូមិគ្រឹះក្រុងតាខ្មៅ អ្នកឧកញ៉ា លី យ៉ុងផាត់ ថ្លែងសារអ្វីខ្លះ?

ជុំវិញ​ឧកញ៉ា

អ្នកឧក ញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាភិបាល សមាជិក សមាជិកា ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់អញ្ជើញចូលរួមសម្តែងការគួរសម និងជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅភូមិគ្រឹះក្រុងតាខ្មៅ កណ្តាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ អ្នកឧកញ៉ា លី យ៉ុងផាត់ បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីអំពីសកម្មភាពការងាររបស់សមាគម ឧកញ៉ាកម្ពុជាព្រមទាំងទស្សនវិស័យនិងបេសកកម្មរបស់សមាគម។

លើសពីនោះ តំណាងឱ្យក្រុមប្រឹក្សាភិបាលនិងសមាជិកសមាជិកាទាំងអស់អ្នកឧកញ៉ា លី យ៉ុងផាត់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីដែលបានយល់ព្រមធ្វើជាប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជាស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទទួលស្គាល់សមាគមឧកញ៉ាកម្ពុជា ជាដៃគូររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើកកម្ពស់ពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា។

ជាមួយគ្នានោះផងដែរ អ្នកឧកញ៉ា លី យ៉ុងផាត់ បានសម្តែងការគូសបញ្ជាក់បង្ហាញថា វត្តមានសម្តេចតេជោ ជាប្រធានកិត្តិយសរបស់សមាគមគឺជាការបង្ហាញនូវកាយវិការដ៏ថ្លៃថ្លារបស់សម្តេចតេជោក្នុងការយកចិត្តទុក ដាក់និងលើកស្ទួយដល់សមាគមដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកសាងជាតិមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន។

ទន្ទឹមនឹងនោះ អ្នកឧកញ៉ា លី យ៉ុងផាត់ ក៏បានគោរពថ្លែងអំណរគុណសម្តេចតេជោដែលបានឆ្លៀតពីការងារដ៏មមាញឹកអនុញ្ញាតឱ្យក្រុមប្រឹក្សា ភិបាលសមាជិក សមាជិកាសមាគមឧកញ៉ាកម្ពុជា បានជួបសម្តែងការគួរសម ។ ជាពិសេសបានផ្តល់នូវអនុសាសន៍ល្អដើម្បីសមាគមធ្វើសកម្មភាពបានត្រឹមត្រូវ និងជាចំណែកជួយដល់សង្គមជាតិក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ។

មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យឧកញ៉ាទាំងអស់ត្រូវពង្រឹងសាមគ្គីភាពរួមគ្នាជួយដល់កិច្ចការសង្គមធ្វើសកម្មភាពមនុស្សធម៌និងចេះជួយដល់ការលំបាករបស់ប្រជាពលរដ្ឋ។

សម្តេចតេជោបានរំលឹកថា ការរស់នៅក្នុងសង្គមមួយមិនអាចកាត់ផ្តាច់គ្នានោះឡើយរវាងអ្នកមាននិងអ្នកខ្សត់ខ្សោយ គឺត្រូវចេះយកអាសាគ្នាដូចពាក្យចាស់បុរាណទូន្មានថា «អ្នកមានរក្សាខ្សត់ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញារក្សាខ្លៅដូចសំពៅពឹង សំប៉ាន ” ។

បន្ថែមទៀតនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍និងការណែនាំមួយចំនួនដល់សមាគមឧកញ៉ាកម្ពុជាធ្វើយ៉ាងណាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថាសមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) ត្រូវបានបង្កើតឡើងជាផ្លូវការនិងចុះបញ្ជីជាសមាគមស្របច្បាប់ដោយក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២២។ បច្ចុប្បន្ន ស.ឧ.ក ត្រូវបានដឹកនាំនិងតម្រង់ទិសដោយសមាជិកក្រុមប្រឹក្សាភិបាលចំនួន ៣២រូប ដែលមានអាណត្តិ៥ឆ្នាំហើយ ការងារ ប្រចាំថ្ងៃត្រូវបានអនុវត្តដោយអគ្គលេខាធិការដ្ឋានក្រោមការដឹកនាំរបស់អគ្គលេខាធិការ ១រូប៕