ការលក់រថយន្តនៅប្រទេសរុស្ស៊ី មានការធ្លាក់ចុះរហូតដល់ប្រមាណ ១០,៦% កាលពីខែមីនា បើធៀបនឹងឆ្នាំទៅ ពោលលក់ចេញប្រមាណ ៤៨ ៤១៤គ្រឿងប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍ពីសមាគមធុរកិច្ចអឺរ៉ុប ហៅកាត់ AEB។
ការលក់នៅត្រីមាសទីមួយ ធ្លាក់ចុះ ៤៤,៧% ដោយសារទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច ដែលបានដាក់មកលើក្រុមហ៊ុនរុស្ស៊ី ជុំវិញការឈ្លានពានរបស់ពួកគេទៅកាន់ប្រទេសអ៊ុយក្រែនកាលពីឆ្នាំមុន។
របាយការណ៍លក់រថយន្តសរុបកាលពីឆ្នាំ ២០២២ មានការធ្លាក់ចុះរហូតដល់ ៥៩% ដ្បិតក្រុមហ៊ុនធំៗជាច្រើន បានផ្អាកសង្វាក់ផលិតកម្មអស់ជាច្រើនខែ ព្រោះតែកង្វះខាតគ្រឿងបង្គុំពីលោកខាងលិច។
សូមជម្រាបដែរថា រុស្ស៊ីកំពុងស្វែងរកការវិនិយោគ និងដៃគូបន្ថែមពីប្រទេសសម្ព័ន្ធមិត្ត និងប្រទេសដែលមិនបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើខ្លួន ហើយក៏កំពុងព្យាយាមចាប់ផ្ដើមសង្វាក់ផលិតកម្មផលិតរថយន្តមកវិញដូចគ្នា។
សម្រាប់ឆ្នាំ ២០២៣នេះ AEB បានព្យាករថា អត្រាលក់រថយន្តសម្រាប់ឆ្នាំ ២០២៣ អាចកើនឡើង ១២% ពោលអាចលក់ចេញប្រមាណ ៧៧០ ០០០គ្រឿង ដែលតិចជាងអត្រាលក់កាលពីឆ្នាំ ២០២១ ដែលធ្លាប់លក់បាន ១,៦លានគ្រឿង៕