ប្រធានអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus បានដាក់សម្ពាធទៅកាន់ប្រទេសចិន ក្នុងការចែករំលែកព័ត៌មានពីប្រភពដើមនៃជំងឺកូវីដ ១៩ ដោយនិយាយ ៣ឆ្នាំមកនេះ ប្រភពដើមនៃវីរុសដ៏កាចសាហាវនេះ នៅមិនទាន់រកឃើញប្រភពដើមច្បាស់លាស់នៅឡើយ។ នេះបើតាមការចុះផ្សាយពី CNA។
“បើសិនជាគ្មានព័ត៌មានពេញលេញដូចដែលចិនមាន អ្នកមិនអាចនិយាយអ្វីពីវាបានឡើយ។ អ្វីដែលធ្លាប់លើកឡើងគ្រាន់តែជាសម្មតិកម្មដែល WHO មាន ហើយយើងក៏កំពុងសុំឲ្យចិនសហការចំពោះរឿងមួយនេះដូចគ្នា។ បើសិនជាពួកគេយល់ព្រម យើងនឹងអាចដឹងច្បាស់ពីប្រភពដើមនៃកូវីដ ១៩”។ នេះបើតាមសម្ដីរបស់ប្រធាន WHO។
គួររំលឹកដែរថា វីរុសមួយនេះត្រូវបានចាប់ផ្ដើមរកឃើញតំបូងនៅទីក្រុង Wuhan ប្រទេសចិនកាលពីខែធ្នូ ២០១៩ ជាមួយនឹងការសង្ស័យពាក់ព័ន្ធនឹងប្រភពចម្លងជាសត្វរស់ដែលលក់នៅលើទីផ្សារ មុនពេលអ្វីៗហួសពេល ពោលគឺឆ្លងរាតត្បាត និងសម្លាប់មនុស្សអស់ជិត ៧ លាននាក់គិតមកទល់ពេលនេះ។
ជម្រាបបន្ថែមថា ទិន្នន័យដែលធ្លាប់បានផ្ដល់ឲ្យដោយអ្នកវិទ្យាសាស្ត្រចិនកាលពីពេលផ្ទុះជំងឺតំបូងៗ គឺផ្ដល់ព័ត៌មានទាក់ទងនឹងប្រភពដើមនៃវីរុស និងបានដាក់ការសង្ស័យថា សត្វឆ្កែ Raccoon គឺជាប្រភពចម្លងវីរុសទៅកាន់មនុស្ស។ នេះបើតាមសម្ដីអ្នកស្រាវជ្រាវអន្តរជាតិបាននិយាយ៕