បណ្ឌិត តាន់ មុនីវណ្ណ៖ ក្រុមហ៊ុនណា អភិវឌ្ឍន៍មិនទាន់បច្ចេកវិទ្យាអាជីវកម្មនឹងដើរថយក្រោយទាំងអស់

សង្គម​ និង​សេដ្ឋកិច្ច

ស្របពេលបច្ចេកវិទ្យា ឬTechnology មានការរីកចម្រើន និងដើរតួនាទីកាន់សំខាន់ ក្នុងជីវិតរស់នៅ និងសង្គម ដូចនាពេលសព្វថ្ងៃនេះ មានការវាយតម្លៃថា បច្ចុប្បន្នក៏ដូចជាទៅថ្ងៃខាងមុខ មិនថាក្រុមហ៊ុនខា្នតតូច ឬខា្នតធំនោះទេ បើអភិវឌ្ឍន៍(ដើរ)មិនទាន់បច្ចេកវិទ្យា ក្រុមហ៊ុនប្រកបអាជីវកម្មទាំងនោះ នឹងដើរថយក្រោយទាំងអស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុងឬទ្ធី គ្រុប បានឱ្យដឹងថា មកដល់សព្វថ្ងៃនេះTechnology ឬជំនាញបច្ចេកវិទ្យាមិនប្រើកម្លាំងទេ ហើយនៅគ្រប់វិទ្យាល័យទាំងអស់ លោកបណ្ឌិតសូមអំពាវនាវដល់ប្អូនៗទាំងអស់ ឱ្យរៀនមុខវិជ្ជាTechnology ឬបច្ចេកវិទ្យា។

លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុងឬទ្ធី គ្រុប

លោកបណ្ឌិត សង្កត់ធ្ងន់ថា៖ “មកដល់ម៉ោងនេះខ្ញុំមិននឹកស្មាន ហើយខ្ញុំជឿថាអ្នកមិនមានTechnology នៅរយៈពេល៥ឆ្នំាឬ១០ឆ្នំាក្រោយនឹងដឹងថាខ្លួនឯងជាបុគ្គលបែបណា?សូម្បីតែនៅពេលនេះសម្រាប់ SMEs ឬក្រុមហ៊ុនធំៗក៏ដោយ អ្នកណាដើរមិនទាន់Technologyទេ ក្រុមហ៊ុនទាំងនោះនឹងដើរថយក្រោយទាំងអស់”។

លោកបណ្ឌិតគូលើកឡើងថាTechnologyមានពីរ ក្នុងនោះមានជំនាញ Technology និងមួយទៀត គឺEcosystem។ បច្ចេកវិទ្យាអុីចឹង សព្វថ្ងៃ ខ្មែរជំនាញបច្ចេកវិទ្យានៅមានកម្រិត ហើយបើនិយាយដល់ Ecosystem បច្ចេកវិទ្យាមិនទាន់ទៅរួចនៅឡើយនោះទេ។ អគ្គនាយករងក្រុមហ៊ុនម៉ុងឬទ្ធី រូបនេះបន្តថា នៅពេលបោះឆ្នោតថ្នាក់ជាតិរួចហើយ តាមរយៈនៃការជជែកគ្នាជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា រាជរដ្ឋាភិបាលនិងគាំទ្រមូលនិធិ ១០០% ទៅលើក្រុមហ៊ុនឯកជន សម្រាប់បណ្តុះបណ្តាលជំនាញ។

ពាក់ព័ន្ធនិងបច្ចេកវិទ្យានេះដែរ បើយោងតាមមន្ត្រីជាន់ខ្ពស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថាបច្ចុប្បន្នសិស្សនិស្សិតកម្ពុជា កំពុងមានការចាប់អារម្មណ៍ច្រើន ហើយនៅថ្ងៃអនាគត កម្ពុជានឹងមានធនធានមនុស្សលើផ្នែកបច្ចេកវិទ្យាកាន់តែច្រើនថែមទៀត ដើម្បីចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

លោកជំទាវ ជា រដ្ឋា អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា កម្ពុជាសព្វថ្ងៃនារីចូលចិត្តបច្ចេកវិទ្យាច្រើនណាស់ ព្រោះសិស្សដែលជានារីពួកគាត់ពូកែខាងមុខវិជ្ជាគណិតវិទ្យាច្រើន ដែលកាលពីមុនមានប្រហែល ១៦%ទេ ដែលរៀនខាង Stem ហើយក្រសួង បានចាប់ផ្តើមជួយផ្សព្វផ្សាយបន្ថែម ដើម្បីឱ្យពួកគាត់ដឹងថារៀនផ្នែកបច្ចេកវិទ្យា វាមានសារសំខាន់យ៉ាងណាខ្លះ ក្នុងការផ្តល់អត្ថប្រយោជន៍នៅពេលអនាគត។

លោកជំទាវ បន្តថា៖ “យើងឃើញថា កូនសិស្សដែលបានរៀននៅក្នុងវិស័យបច្ចេកវិទ្យា បានកើនឡើងដល់ ៣០%។ ប៉ុន្តែ នៅក្នុងផែនទីបង្ហាញផ្លូវរបស់យើងសម្រាប់ឆ្នាំ ២០៣០ គឺយើងចង់បាននិស្សិតដែលបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យឱ្យបាន ៤០% ដើម្បីឱ្យមានធាតុចូលជាច្រើនរវាងស្ត្រី និងបុរស។ ពិសេស គោលនយោបាយឆ្នាំ ២០៥០ និងមានការបណ្តុះបណ្តាលបច្ចេកវិទ្យាពីក្មេងឡើងទៅ ដើម្បីឱ្យកម្ពុជាសម្បូរ ទៅដោយធនធានមនុស្ស ដែលមានការចេះដឹងនៅក្នុងវិស័យបច្ចេកវិទ្យា បានកាន់តែច្រើន ក្នុងការចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា” ៕ អត្ថបទ៖ សារេត