ចិនបានដាក់ទណ្ឌកម្មទៅលើឯកអគ្គរដ្ឋទូតតៃវ៉ាន់ប្រចាំសហរដ្ឋអាមេរិក Hsiao Bi-khim ដោយហាមមិនឲ្យអ្នកស្រី និងសមាជិកក្រុមគ្រួសារទាំងអស់ ចូលជាន់ដីប្រទេសចិន ហុងកុង និងម៉ាកាវដាច់ខាត។ យោងតាមការចុះផ្សាយពី Kelo។
ទណ្ឌកម្មដែលត្រូវបានប្រកាសដោយការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិនក៏បានហាមឃាត់អ្នកវិនិយោគ និងក្រុមហ៊ុនដែលទាក់ទងនឹង Hsiao ពីកិច្ចសហប្រតិបត្តិការជាមួយអង្គការ និងបុគ្គលដីគោកផងដែរ។
គួររំលឹកដែរថា ទណ្ឌកម្មមួយនេះត្រូវបានប្រកាស បន្ទាប់ពីប្រធានសភា Kevin McCarthy បានជួបជាមួយប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen អំឡុងពេលបំពេញទស្សនកិច្ចដំណើរការទូតនៅអាមេរិក។
ដោយឡែក កាលពីខែសីហាឆ្នាំទៅ ក្រោយពីអតីតប្រធានសភា Nancy Pelosi បានធ្វើដំណើរទស្សនកិច្ចទៅកាន់តៃវ៉ាន់ ចិនបានដាក់បម្រាមហាមិនឲ្យរដ្ឋមន្ត្រីតៃវ៉ាន់ ៧នាក់ មិនឲ្យចូលជាន់ដីគោកទៀតផង។
សូមជម្រាបដែរថា ចិនតែងតែចាត់ទុកតៃវ៉ាន់ ជាផ្នែកមួយនៃប្រទេសរបស់ខ្លួន មិនមែនជារដ្ឋឯករាជ្យឡើយ ប៉ុន្តែរដ្ឋាភិបាលតៃវ៉ាន់ប្រកាន់ជំហរ និងច្រានចោលអំណះអំណាងរបស់ចិន៕