អ្នកគាំទ្រ និងមហាជនទូទៅ បានសម្ដែងការភ្ញាក់ផ្អើល បន្ទាប់ពីតារាចម្រៀង មាស សុខសោភា បានប្រកាសនៅលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួន កាលពីម្សិលមិញនេះ ថា នាងបានសម្រេចចិត្តទាំងតានតឹងក្នុងអារម្មណ៍ ដើរចេញពីផលិតកម្ម ថោន ដែលជាទ្រនំធ្លាប់ជ្រកសាងភាពល្បីល្បាញ ក្នុងវិស័យសិល្បៈអស់រយៈពេលជិត១០ឆ្នាំមកហើយ។
មាស សុខសោភា បានបញ្ចេញសារប្រាប់ប្រិយមិត្តអ្នកគាំទ្ររបស់នាង ដោយនាងបានបញ្ជាក់ថា នេះជាវេលាដ៏តានតឹងបំផុតរបស់នាង។ ” ថ្ងៃនេះគឺជាថ្ងៃដ៏តានតឹងមួយរបស់នាងខ្ញុំ ដែលនាងខ្ញុំត្រូវចាកចេញពីផលិតកម្ម Town។ អរគុណដល់បងប្រុស បងស្រីដែលបានមើលថែប្អូនរយៈពេល ៩ឆ្នាំនេះ អនុស្សាវរីយ៍ និងអំពើល្អរបស់បងទាំងពីរនៅតែស្ថិតក្នុងបេះដូងរបស់ប្អូនជានិច្ច”។
បន្ថែមពីលើនេះ សោភា បានថ្លែងអរគុណដល់បណ្តាផលិតកម្មទាំងអស់ ដែលបានផ្តល់ឱកាសដល់នាងនាពេលកន្លងមក ហើយបន្ទាប់ពីប្រកាសដើរចេញពីថោននេះ នាងក៏បានប្រកាសបើកចំហសម្រាប់ការសហការផលិតបទចម្រៀង ពីបណ្តាផលិតកម្មទាំងអស់ដូចគ្នា ជាមួយនឹងការតាំងចិត្តថា នឹងខិតខំប្រឹងប្រែងផលិតនូវបទចម្រៀងថ្មីៗ ដើម្បីបងប្អូនទាំងអស់គ្នាជានិច្ច។ដំណឹងនេះ បាន និងកំពុងធ្វើឲ្យមានការរំជើបរំជួលក្នុងចង្កោមអ្នកគាំទ្ររបស់នាង ខណៈដំណឹងចង់ចាកចេញពីថោនបានកើតឡើងជាយូរមកហើយ ខណៈនាងត្រូវបានភ្ជាប់ជាមួយផលិតកម្មមួយផ្សេងទៀត។
បែបនេះក្ដី តាមប្រភពមួយពីក្នុងផលិតកម្មថោន បានបង្ហើបថា អ្វីៗមិនទាន់ផ្លូវការនៅឡើយ ហើយថា នេះមិនមែនជាលើកទី១ដែរ ដែលតារាចម្រៀងស្រី បានប្រកាសដូច្នេះ ពោលគឺច្រើនដងមកហើយ ប៉ុន្តែបន្ទាប់ពីការសម្រុះសម្រួលគ្នារវាងភាគីតារាចម្រៀង និងផលិតផលឈានដល់ព្រមព្រៀងគ្នា នាងបន្តនៅដដែល។
ដោយឡែកលោក មាស សុខរតនៈ ជាបងប្រុសបង្កើតវិញ បានថ្លែងប្រាប់ សារព័ត៌មានក្នុងស្រុកមួយថា រូបលោកបានសម្រេចចិត្តចាកចេញពីផលិតកម្ម ថោន ជាមួយនឹងប្អូនស្រី ដោយសារតែដល់ថ្ងៃកំណត់ បញ្ចប់កិច្ចសន្យាជាមួយនឹងផលិតកម្ម។ ម្យ៉ាងវិញទៀត លោក និងប្អូនស្រីក៏ត្រូវមើលការខុសត្រូវ មុខជំនួញរកស៊ីរបស់ខ្លួនផងដែរ ទើបសម្រេចចិត្តចាកចេញ ដោយមិនបន្តកិច្ចសន្យាទៀតឡើយ។
តារាចម្រៀង មាស សុខសោភា មួយរយៈធំចុងក្រោយនេះ នាងហាក់ដូចជាមិនមានសកម្មភាពសិល្បៈខ្លាំង ចេញបទច្រៀងច្រើនក្នុងផលិតកម្ម ដូចពីពេលមុននោះទេ ព្រោះតែនាងមានភារកិច្ច រវល់ជាប់មើលថែរក្សាប្ដីរបស់នាង ដែលមានជំងឺ ស្របពេលជំងឺកូវីដ១៩វាយលុកនៅក្នុងប្រទេសកម្ពុជា និងសកលលោក។ យ៉ាងណាមិញ ខណៈដែលនាង ជាតារាចម្រៀងប្រចាំក្នុងផលិតកម្ម ថោន មាស សុខសោភា ក៏មានផលិតកម្មផ្ទាល់ខ្លួនមួយទៀតដែរ គឺផលិតកម្ម «Camtrax» ដែលមានស្វាមីរបស់នាង គឺលោក អ៊ឹត រ៉ាដា ជាអ្នកគ្រប់គ្រង។
តាមប្រភពព័ត៌មានឮល្ហិចល្ហៀងពីអ្នកសិល្បៈដូចគ្នា បានបង្ហើបថា តារាចម្រៀង មាស សុខសោភា បន្ទាប់ពីដើរចេញពីផលិតកម្ម ថោន នាងអាចនឹងដឹកដៃបងប្រុសរបស់ខ្លូន ចូលក្នុងផលិតកម្ម រស្មីហង្សមាស ប៉ុន្តែពេលនេះកំពុងស្ថិតនៅក្នុងការពិចារណា និងចរចាគ្នាសិន។
ប្រសិនបើជាការពិតមែននោះ វាជាការចាក់ចេញគ្រាប់ពេជ្រដ៏មានតម្លៃមហាហាលមួយរបស់ផលិតកម្មថោន។ សម្រាប់ផលិតកម្មថោន ថ្មីៗនេះ លោក ខេម ក៏ត្រូវបានគេទម្លាយឲ្យដឹងថា ក៏បានចាក់ចេញពីទ្រនំនេះដូចគ្នា ដោយលោកបានចូលនៅផលិតកម្ម Galaxy Navatra របស់លោកឧកញ៉ា វ័យក្មេង ឡេង ណាវ៉ាត្រាផងដែរ៕