អ្នកជំនាញមើលឃើញថា វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា មានភាពល្អប្រសើរបើធៀបនឹងប្រទេសដទៃនៅអាស៊ី

សង្គម​ និង​សេដ្ឋកិច្ច

វិស័យសំណង់ និងអចលនទ្រព្យក្នុងប្រទេសកម្ពុជា ត្រូវបានសង្កេតឃើញថាចាប់ផ្ដើមងើបឡើងវិញ ចាប់តាំងពីស្ថានភាពកូវីដ១៩នៅក្នុងប្រទេសបានថមថយ ជាពិសេសក្រោយពេលរាជរដ្ឋាភិបាលបានបើកប្រទេស ក៏ដូចជាបើកសេដ្ឋកិច្ចឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា លោក គង់ គីមសេង អ្នកជំនាញផ្នែកអចលនទ្រព្យ បានឱ្យដឹងថា វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា មានភាពល្អប្រសើរ បើធៀបនឹងប្រទេសផ្សេងទៀតនៅក្នុងអាស៊ី រួមមាន ថៃ វៀតណាម ជាដើម។

ពាក់ព័ន្ធនឹងភាពល្អប្រសើរបែបនេះ ដោយលោក បានមើលឃើញថា មានកត្តាមួយចំនួនរួមមាន ១.ការជួល៖ តម្រូវការជួលក្នុងប្រទេស ជាពិសេសនៅរាជធានីភ្នំពេញ នៅតែមានសន្ទុះល្អ បើគិតជាស្ថិតិជាទូទៅប្រចាំឆ្នាំ ក្នុងមួយឆ្នាំប្រហែល ៧% បើធៀបនឹងប្រទេសថៃ វៀតណាម ប្រហែលជា ៣%ប៉ុណ្ណោះ។ ២.សំណង់៖ ប្រទេសកម្ពុជាទោះបីជាស្ថិតនៅក្នុងកាលៈទេសៈបែបណាក៏ដោយ ក៏នៅតែបន្តការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវហាយវេ ផ្លូវជាតិ ព្រលានយន្តហោះអន្តរជាតិធំៗ គម្រោងស្ពានអាកាស ជាដើម ដោយគម្រោងខ្លះរាជរដ្ធាភិបាល មានការសហការជាមួយនិង វិស័យឯកជន ។ លោកបានបញ្ជាក់ថា រាជរដ្ធាភិបាលកម្ពុជា បាននិងកំពុងសិក្សាដោះស្រាយបញ្ហាអគារជាប់គាំង៦០០អគារ ក្នុងចំណោមអគារជាង១,០០០ ក្នុងខេត្តព្រះសីហនុ សម្រាប់វិស័យឯកជន ហើយលោករំពឹងថា រាជរដ្ធាភិបាលកម្ពុជាអាចដោះស្រាយបញ្ហាទាំងអស់នេះបានដោយជោគជ័យ ។

ជាមួយគ្នានេះ នាយកផ្នែកលក់ និងទីផ្សារក្រុមហ៊ុន Making Property Easy Co,.Ltd បានឱ្យដឹងបន្ថែមទៀតថា នៅក្នុងឆ្នាំ២០២៣នេះ វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា មានស្ថានភាពល្អប្រសើរជាងឆ្នាំ២០២២ សម្រាប់ទីក្រុងភ្នំពេញ និងខេត្តមួយចំនួនដែលមានសក្តានុពល ដូចជា ខេត្តព្រះសីហនុ កោះកុង កំពត កែប សៀមរាប និងខេត្តគោលដៅអភិវឌ្ឍន៍ផ្សេងទៀតជាដើម ។ ក្នុងន័យនេះ មានន័យថា កម្ពុជាគឺបើកចំហក្នុងការវិនិយោគ ដូច្នេះវិនិយោគិនបរទេសមួយចំនួនដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី សាំងហ្គាពួរ និងប្រទេសខាងប៉ែកអឺរ៉ុបជាដើម នឹងបន្តចូលមកធ្វើការវិនិយោគនៅកម្ពុជាកាន់តែច្រើនក្នុងឆ្នាំ២០២៣នេះ ។

បើទោះបីជាយ៉ាងណាក្តី ក្នុងស្ថានភាពនេះនូវតែមានបញ្ហាប្រឈមមួយចំនួន ដោយអ្នកជំនាញលក់អចលនទ្រព្យ រូបនេះ បានលើកឡើងថា ទី១.បញ្ហាចម្បង គឺទាក់ទងនឹងសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន ដោយនេះ ជាកត្តាមួយមានការជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំង ក្លាយជាវិបត្តិសេដ្ធកិច្ចសកល ទី២.វិបត្តិកូវីដ១៩ បើទោះបីបច្ចុប្បន្នប្រទេសកម្ពុជាបានមានការថមថយច្រើនក៏ដោយនៃជំងឺនេះ ទី៣.កម្ចីឥណទានក្រៅប្រទេស៖ ឥណទានឬកម្ចីនៅក្រៅប្រទេសមួយចំនួន មានការបិទកម្ចី និងតម្លើងថ្លៃទៅលើការប្រាក់ លើសពីនេះធនាគារខ្លះបានបិទឥណទានឬកម្ចី និងធនាគារធំៗមួយចំនួនទៀតក្ស័យធុន ។ ហើយទាំងអស់នេះជាហេតុនាំឲ្យមានការជះឥទ្ធិពលអវិជ្ជមានទៅលើវិស័យនេះ នៅកម្ពុជាផងដែរ។

គួរឱ្យដឹងផងដែរថា បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា កាលពីខែមករា កន្លងទៅ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣នេះ វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ត្រូវបានរំពឹងថា នឹងងើបឡើងវិញជាវិជ្ជមានបន្តទៀត ដោយបានព្យាករណ៍ថា វិស័យសំណង់រំពឹងកើនឡើង១,៧ភាគរយ និងអចលនទ្រព្យរំពឹងកើនឡើង១,២ភាគរយ៕