ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ លោក ទុំ ហ៊ែលហង្សរី ជា «ឧកញ៉ា» កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣។
លោក ទុំ ហ៊ែលហង្សរី ត្រូវបានគេដឹងថា ជាម្ចាស់ក្រុមហ៊ុនសាងសង់ក្នុងស្រុកមួយមានឈ្មោះថា សហគ្រាស ទុំ ហ៊ែលហង្សរី ខនស្រ្តាក់សិន សឺវីស (TUM HELHANGRY CONSTRUCTION SERVICE) ដែលមានអាសយដ្ឋាននៅភូមិអាចារ្យលាក់ ឃុំអាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្រុមហ៊ុន ទុំ ហ៊ែលហង្សរី ខនស្ដ្រាក់សិន សឺវីស ជារឿយៗតែងទទួលបានគម្រោងស្ថាបនាផ្លូវថ្នល់ នៅក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ។ ជាក់ស្ដែង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្រុមហ៊ុនមួយនេះ ទទួលបានគោលការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើការសាងសង់ផ្លូវកៅស៊ូប្រភេទ DBST ប្រវែង ៣១៥ម៉ែត្រ ទទឹង ១០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ ចូលសាលាស្រុកតាំងគោក ស្ថិតនៅភូមិថ្លា ឃុំច្រនាង ស្រុកតាំងគោក ជូនរដ្ឋបាលខេត្តកំពង់ធំ ក្នុងតម្លៃទឹកប្រាក់សរុបចំនួន ៦២៦ ១៣៥ ០០០រៀល។
បន្ថែមពីនេះ ផ្លូវក្រាលកៅស៊ូមួយខ្សែប្រភេទ DBST ប្រវែង ២០២០ម៉ែត្រ ទទឹង ០៦ម៉ែត្រ នៅសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ដែលកំពុងដំណើរការសាងសង់ ក៏ត្រូវបានស្ថាបនាដោយក្រុមហ៊ុន ទុំ ហ៊ែលហង្សរី ខនស្ត្រាក់សិន សឺវីស ផងដែរ៕