មហាសេដ្ឋីថៃ ៣ រូប ត្រូវបានដាក់ឈ្មោះក្នុងបញ្ជីអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោករបស់ទស្សនាវដ្តី Forbes សម្រាប់ឆ្នាំ ២០២៣ នេះ ក្នុងចំណោមមហាសេដ្ឋីកំពូលៗចំនួន ១៥០ នាក់ ។
លោក Dhanin Chearavanont ដែលជាប្រធានជាន់ខ្ពស់ នៃក្រុមហ៊ុនអាហារ និងកសិកម្មដ៏ធំបំផុតរបស់ប្រទេសថៃ Charoen Pokphand (CP) Group ត្រូវបានទស្សនាវដ្តី Forbes ចាត់ថ្នាក់ជាអ្នកមានបំផុតទី ១១៦ នៅលើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសរុប ១៤,៩ពាន់លានដុល្លារ នៅឆ្នាំ ២០២៣ នេះ ។
ដោយឡែកសម្រាប់មហាសេដ្ឋីថៃពីររូបទៀត ដែលស្ថិតនៅក្នុងបញ្ជីនេះដែរនោះ រួមមាន មហាសេដ្ឋីរកស៊ីលើអាជីវកម្មគ្រឿងស្រវឹង និងអចលនទ្រព្យ លោក Charoen Sirivadhanabhakdi ជាប់ចំណាត់ថ្នាក់ទី ១១៨ ជាមួយនឹងទ្រព្យសម្បតិសរុបប្រមាណ ១៤,៨ពាន់លានដុល្លារ និងមហាសេដ្ឋីអាជីវកម្មថាមពល លោក Sarath Ratanavadi ឈរនៅចំណាត់ថ្នាក់លេខ ១៤១ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ១២,៣ពាន់លានដុល្លារ ។
គួរឱ្យដឹងថា បើតាម Forbes បានបង្ហាញថាបច្ចុប្បន្នចំនួនមហាសេដ្ឋីសរុបនៅលើពិភពលោក មានចំនួន ២ ៦៤០ នាក់ ពោលគឺបានធ្លាក់ចុះពីចំនួន ២ ៦៦៨ នាក់ ពីឆ្នាំមុន ខណ:មានទ្រព្យសម្បត្តិសរុប ១២,២ទ្រីលានដុល្លារ ដោយធ្លាក់ចុះ ៥០០ពាន់លានដុល្លារ ធៀបទៅនឹងឆ្នាំមុន៕