កម្ពុជា-តួកគី សិក្សាបង្កើតកិច្ចព្រមព្រៀងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា និងតួកគី ជួបពិភាក្សាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងពិគ្រោះយោបល់លើលទ្ធភាពរៀបចំការសិក្សាសមិទ្ធិលទ្ធភាព ក្នុងការបង្កើតកិច្ចព្រមព្រៀងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ តាមរយៈប្រព័ន្ធវីដេអូ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយលោក Hüsnü Dilemre អគ្គនាយកទទួលបន្ទុកកិច្ចព្រមព្រៀងអន្តរជាតិនិងកិច្ចការសហភាពអឺរ៉ុប នៃក្រសួងពាណិជ្ជកម្មតួកគី
ភាគីទាំងពីរបានកត់សម្គាល់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

ក្នុងជំនួបនោះភាគីទាំងពីរក៏បានគូសបញ្ជាក់ពីកំណើននៃពាណិជ្ជកម្មទ្វេភាគី ដែលសម្រេចបានក្នុងទំហំ ១៥២ លានដុល្លាអាមេរិក ក្នុងឆ្នាំ ២០២២ ដែលមានកំណើនប្រមាណ ៧០% បើធៀបនឹងឆ្នាំ២០២១។ ភាគីទាំងពីរ ក៏បាន បានធ្វើការផ្លាស់ប្តូរយោបល់ជុំវិញយន្តការនានា សំដៅបន្តលើកកម្ពស់ការវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។ ក្នុងន័យនេះ ភាគីទាំងពីរបានលើកទឹកចិត្តឱ្យមានការសហការស្អិតរមួតរវាងវិស័យឯកជន ពិសេសសភាពាណិជ្ជកម្មប្រទេសពីរ ។

បន្ថែមទៅទៀត ភាគីទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើលទ្ធភាពក្នុងការរៀបចំនូវការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) ដើម្បីវិភាគលើផលចំណេញសេដ្ឋកិច្ច និង លទ្ធភាពរៀបចំកិច្ចព្រមព្រៀងភាពភាពជាដៃគូសេដ្ឋកិច្ច(Economic Partnership Agreement) ឬ ក្រោមទំរង់ណាមួយនាពេលខាងមុខ ក្រោយលទ្ធផលនៃការសិក្សាបញ្ចប់។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគី សម្រេចបានប្រមាណ ១៥២ លានដុល្លាអាមេរិក ជាមួយនឹងអត្រាកំណើនប្រមាណ ៧០% បើធៀបនឹងឆ្នាំ២០២១។ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅកាន់តួកគី រួមមាន៖ សម្លៀកបំពាក់ កង់ ស្វាយ មៀន កៅស៊ូ ដំឡូងមី ពោត ម្រេច អង្ករ គីមីសរីរាង្គ និងថ្នាំជក់ ជាដើម។ រីឯទំនិញនាំចូលសក្តានុពលពីតួកគីមកកម្ពុជា រួមមាន៖ វាយនភ័ណ្ឌ គ្រឿងម៉ាស៊ីននិងបរិធានអគ្គិសនី យានយន្តនិងគ្រឿងបន្លាស់ និងវត្ថុផ្សេងៗធ្វើពីស្ពាន់ ជាដើម៕